អឺរ៉ុបព្រមានចិនជាថ្មីម្តងទៀតថា នឹងជួបផលវិបាក បើសិនទីក្រុងប៉េកាំងមិនព្រមបោះចោលផែនការអនុម័តច្បាប់ថ្មីលើទីក្រុងហុងកុង
ប៊ែលហ្ស៊ិក៖ ឡុងកិច្ចប្រជុំកំពូលមួយតាមប្រព័ន្ធអនឡាញ នៅថ្ងៃចន្ទម្សិលមិញ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ុន ដឺឡេយែន និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីឈែល បានព្រមាន និងបង្ហាញក្ដីបារម្ភរបស់ខ្លួនប្រាប់ថ្នាក់ដឹកនាំកំពូលចិន នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។
ទន្ទឹមគ្នា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីឈែល ថ្លែងថា យើងពិតជាការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញសេចក្ដីព្រាងច្បាប់សន្តិសុខជាតិសម្រាប់ក្រុងហុងកុងហើយយើងអំពាវនាវឱ្យចិនគោរព និងអនុវត្តន៍ តាមពាក្យសន្យាចំពោះប្រជាជនហុងកុង និងសហគមន៍អន្តរជាតិ ក្នុងការរក្សាការពារស្វ័យភាព ក៏ដូចជាសេរីភាពរបស់ក្រុងស្វយ័តមួយនេះ ។
យ៉ាងណាមិញ ក្រសួងការបរទេសចិននៅថ្ងៃអង្គារនេះបានអះអាងថា បញ្ហាពាក់ព័ន្ធនឹងទីក្រុងហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយប្រឆាំងជាដាច់ខាតរាល់ការជ្រៀតជ្រែក ឬលូកលាន់កិច្ចការផ្ទៃក្នុងមួយនេះ ៕