ចិនជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចុងក្រោយ នៃប្រព័ន្ធផ្កាយរណបប្រាប់ទិស ប៉ីតូវ ទៅកាន់គន្លងតារាវិថី
អត្ថបទដោយ៖
Kien Sereyvuth
ចិន៖ ចិនបានទទួលជោគជ័យទាំងស្រុង ក្នុងការបញ្ជូនផ្កាយរណបចុងក្រោយ នៃប្រព័ន្ធផ្កាយរណបប្រាប់ទិស ប៉ីតូវ ហៅកាត់ថា (BDS) ទៅកាន់ទីអវកាស បន្ទាប់ពី បាញ់បង្ហោះនៅវេលាម៉ោង៩៖៤៣នាទីព្រឹកថ្ងៃអង្គារនេះ ចេញពីមូលដ្ឋានបាញ់បង្ហោះនៃខេត្តស៊ីឈាន់ ភាគនិរតីប្រទេស នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។
ផ្កាយរណបខាងលើនេះ គឺជាសមាជិកទី៥៥ នៃបណ្តាញផ្កាយរណបអង្កេត និងសម្រួលដល់ចរាចរណ៍ពីលើអាកាស ប៉ីតូវ ដែលត្រូវបានបាញ់បង្ហោះទៅកាន់គន្លងតារាវិថី ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត ឡុង ម៉ាច ៣ប៊ី ។
សូមរំលឹកផងដែរថា កាលពីប៉ុន្មានសប្តាហ៍មុន ចិនក៏បានទទួលជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបអង្កេត មហាសមុទ្រមួយគ្រឿង ដែលមានឈ្មោះសម្គាល់ថា HY-1D ផងដែរ ដោយប្រើប្រាស់រ៉ុក្កែត ឡុង ម៉ាច ២ស៊ី ៕