យុវជនបន្តគាំទ្រ លើកស្ទួយ និងអភិរក្សមរតកក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ
គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើង ដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរ តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង ២ពាន់ឆ្នាំកន្លងមកហើយ។ គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរ ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងសឹកសង្រ្គាម ឬក្នុងការការពារខ្លួន។ គុនល្បុក្កតោត្រូវបានដាក់បញ្ចូលជាផ្លូវការទៅក្នុងយុទ្ធសាស្រ្តការពារជាតិ នៃកងយោធពលខេមរភូមិន្ទ។
អាថាន់ សេនាវីរៈពណ៌ គឺជាយុវជនមួយរូប ដែលស្រលាញ់ក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ និងបានហាត់រៀនផងដែរ។ កញ្ញាថុល អាពណ៌ ឬហៅថា អាថាន់ សេនាវីរៈពណ៌ គឺជាឈ្មោះបន្ទាប់ពីទទួលបាន ការហាត់រៀនក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ។
កុមារីថុល អាពណ៌ កើតក្នុងគ្រួសារក្រីក្រ ជាកូនកំព្រាឳពុក រស់ជាមួយតាយាយ ដោយម្តាយជាប់រវល់ធ្វើការរកស៊ី។ ព្រោះតែពាក្យមើលងាយថាកូនអត់ឳ និងការមើលស្រាលពីក្មេងប្រុសៗ កាលពីនៅតូចដូចគ្នា ទើបជំរុញអោយចិត្តចង់ហាត់គុន។ កុមារីថុល អាពណ៌ មានចិត្តស្រលាញ់ និងចង់ហាត់ក្បាច់គុនបុរាណខ្មែរតាំងពីតូចមកម្លេះ ប៉ុន្តែដោយសារមិនមានការគាំទ្រក្រុមគ្រួសារ និងពួកគាត់គិតថាខ្លួនជាស្រី មិនចាំបាច់ហាត់ដូចបុរសនោះទេ។
បន្ទាប់ពីបញ្ចប់មធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០១៧ កញ្ញាថុល អាពណ៌ បានបន្តក្តីស្រមៃរបស់ខ្លួន គឺចូលហាត់ក្បាច់គុនល្បុក្កតោ នៅវត្តថាន់ជាមួយលោកគ្រូឆន ចន្ទ័វីរៈ និងបានហាត់ក្បាច់គុនប្រដាល់ខ្មែរ ជាមួយលោកគ្រូធន់ សុភា នៅក្លឹបប្រដាល់ក្រសួងការពារជាតិ នៅឆ្នាំ២០១៩។ បើទោះបីជាមានការលំបាកខ្លះ ក៏កញ្ញា នៅតែជំនៈរាល់ឧបសគ្គនានា ដើម្បីលើកស្ទួយក្បាច់គុនល្បុក្កតោខ្មែរ និងក្បាច់ ប្រដាល់សេរី។
កញ្ញាថុល អាពណ៌ ធ្លាប់ឡើងប្រកួតប្រដាល់សេរីក្បាច់គុនខ្មែរចំនួន១១ប្រកួត ឈ្នះ៩ប្រកួត ផ្តួលគូប្រកួតអោយសន្លប់៣ ចាញ់២។ ឈ្នះដោយពិន្ទុ ជាមួយកីឡាករជំរើសជាតិវី ស្រីស្រស់។ ធ្លាប់ប្រកួតឈ្នះបានខ្សែក្រវ៉ាត់ ក្នុងវិធីបុណ្យសមុទ្រ ជាមួយកីឡាការិនីអន្តរជាតិមកពីប្រទេសម៉ាទ្រុស។ កញ្ញាបានលើកឡើងដែរថា ការហាត់ក្បាច់គុន ប្រៀបដូចជាការហាត់កីឡាដែរ គឺធ្វើកាយសម្បទារឹងមាំ អាចការពារខ្លួនបាន អាចប្រឆាំងនឹងជំងឺ មានភាពរហ័សរហួន គិតល្អធ្វើល្អ និងអាចបន្ធូរភាពតានតឹងផ្នែកផ្លូវចិត្តបាន។
អាថាន់ សេនាវីរៈពណ៌ បានសូមនូមពរដល់យុវជនទាំងអស់ចៀសផុតពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដោយងាកមកសិក្សាស្វែងយល់ ពីអ្វីដែលជាមរតកវប្បធម៌របស់ខ្មែរ បន្តជួយគាំទ្រទាំងផ្លូវកាយ ទាំងផ្លូវចិត្ត លើកស្ទួយក្បាច់គុនបុរាណខ្មែរ សិល្បៈបុរាណនានា ដែលដូនតាបានបន្សល់មកតាំងពីយូលុងណាស់មកហើយ កុំអោយបាត់បង់។
សូមបញ្ជក់ថា ចម្លាក់ក្បាច់គុនល្បុក្កតោផ្សេងៗគ្នាជាច្រើន ត្រូវបានគេឃើញនៅតាមសសរក្លោងទ្វារនៃប្រាសាទបាយ័នដែលជាស្នាដៃរបស់ ព្រះបាទជ័យវរ្ម័នទី៧។ ក្បាច់ គុនវប្បធម៌របស់កម្ពុជាមួយនេះបានធ្វើឲ្យស្ដេចនាសម័យអង្គរទទួល បានជ័យជម្នះក្នុងចម្បាំងដើម្បីគ្រប់គ្រងតំបន់អាស៊ីអាគ្នេយ៍ជាង ៦០០ឆ្នាំដោយចាប់ផ្ដើមពីឆ្នាំ៨០០នៃគ្រឹះសករាជ។ ល្បុក្កតោក្នុងរបបប៉ុល ពត នៅក្នុងសម័យ ប៉ុល ពតពីឆ្នាំ១៩៧៥-១៩៧៩ អ្នកដែលចេះក្បាច់គុនគឺត្រូវបានសម្លាប់ដោយរបបខ្មែរក្រហម ត្រូវជម្លៀស ឬ ឈប់រៀនក្បាច់គុនតទៅទៀតនិងលាក់មិនឲ្យគេដឹង។ បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ លោក សាន គឹម ស៊ាន ជាអ្នកនាំយកល្បុក្កតោឲ្យរស់ឡើងវិញ។
ឆ្នាំ ២០០១ លោក សាន គឺមស៊ាន បានត្រឡប់ទៅទីក្រុងភ្នំពេញ និងបានបង្ហាត់ល្បុក្កតោដល់យុវជនមួយចំនួន។ ជាមួយគ្នានោះដែរ លោកបានធ្វើដំណើរទៅតាមខេត្តដើម្បីស្វែងរកលោកគ្រូល្បុក្កតោ ចាស់ៗដែលនៅមានជីវិតពីរបបសង្គ្រាម។ នៅថ្ងៃទី២៤ខែមេសាឆ្នាំ២០០៤ សហព័ន្ធកីឡាល្បុក្កតោកម្ពុជាត្រូវបានបង្កើតឡើងដោយមានលោកគ្រូ សាន គឹមស៊ាន ជាប្រធាន។ ការប្រកួតជ្រើសរើសជើងឯកល្បុក្កតោមិនធ្លាប់មានគឺត្រូវធ្វើឡើង នៅចាប់ពីថ្ងៃទី២៦-២៩ ខែកញ្ញាឆ្នាំ២០០៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតគឺមានការដឹកនាំពីសំណាក់លោកគ្រូចាស់ៗចំនួន២០នាក់មក ពី៩ខេត្ត៕