លោក ដូណាល់ ត្រាំ គំរាមចាត់វិធានការប្រឆាំងនឹងក្រុមបាតុករ ក្រោយរូបសំណាកប្រធានាធិបតីទី១របស់សហរដ្ឋអាមេរិកត្រូវពួកគេទាញរំលំ
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងថ្ងៃសុក្រនេះ បានគំរាមចាត់វិធានការដែលមិនបានបញ្ជាក់ច្បាស់លាស់ ដើម្បីប្រឆាំងនឹងក្រុមបាតុករទាំងឡាយណា ដែលធ្វើការតវ៉ាដោយហិង្សា ពាក់ព័ន្ធនឹងការស្លាប់រសប់បុរសស្បែកខ្មៅឈ្មោះ ចច ហ្វ្លយដ៍ ដែលត្រូវប៉ូលិសយកជង្គង់សង្កត់ករហូតដល់ស្លាប់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃ២០ ខែមិថុនា ឆ្នាំ២០២០ ។
ការព្រមានខាងលើនេះលោក ដូណាល់ ត្រាំ ធ្វើឡើងអំឡុងពិធីជួបជុំស្វែងរកការគំាទ្រសម្រាប់ការបោះឆ្នោតអាណត្តិថ្មីទៀតក្នុងទីក្រុង ធូលសា រដ្ឋអូក្លាហូម៉ា នាចុងសប្តាហ៍នេះ និងបន្ទាប់ពីរូបសំណាកប្រធានាធិបតីដំបូងបំផុតរបស់សហរដ្ឋអាមេរិក គឺលោក ចច វ៉ាស៊ីនតោន ត្រូវបានក្រុមបាតុករនៃចលនា Black Lives Matter ទាញឲ្យរលំ និង យកទង់ជាតិអាមេរិកទៅដុតពីលើថែមទៀតនៅទីក្រុង ផតលែន រដ្ឋអូរីហ្គន ។
សូមបញ្ជាក់ផងដែរថា ទង្វើនេះទំនងជាដោយសារតែលោក ចច វ៉ាស៊ីនតោន ដែលជាបិតាស្ថាបនិកម្នាក់របស់សហរដ្ឋអាមេរិក ធ្លាប់ជាបុគ្គលដែលប្រើទាសករ ខណៈការបំផ្លាញ និងរំលំរូបសំណាកបែបនេះ ក៏កើតឡើងនៅតាមប្រទេសមួយចំនួនទៀតផងដែរ ពោលគឺក្នុងតំបន់អឺរ៉ុប ៕