ប្រធានអង្គការ WHO ជម្រុញអោយមនុស្សគ្រប់គ្នាបន្តតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19
ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យមនុស្សរាល់គ្នាបន្តតស៊ូប្រយុទ្ធប្រឆាំងនឹង COVID-19 នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។
លោក ថេដ្រូស បានថ្លែងនៅក្នុងសមាជប្រចាំឆ្នាំដ៏សំខាន់របស់អង្គការសុខភាពពិភពលោកនៅថ្ងៃចន្ទនេះថា យើងទាំងអស់អាចនឹងធុនទា្រញ់ COVID-19 តែវីរុសនេះមិនធុញទ្រាន់នឹងយើងឡើយ… ក្ដីសង្ឃឹមតែមួយគត់របស់យើង គឺវិទ្យាសាស្ត្រ ដំណោះស្រាយ និងសាមគ្គីភាព ។
នាឱកាសនោះដែរ ប្រធានអង្គការ WHO រូបនេះ ក៏បានអបអរសាទរដល់ជ័យជម្នះរបស់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកផងដែរ ជាមួយក្ដីរំពឹងថា នេះជាសញ្ញាមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការជាសកល ដើម្បីបញ្ចប់ការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 ៕


