ក្រសួងសុខាភិបាលប្រកាសថា ១៤២២នាក់ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា មិនឆ្លងកូវីដ១៩ទេ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញករណីឆ្លងកូវីដ១៩ ថ្មីចំពោះអ្នកដែលពាក់ព័ន្ធ ១៤២២នាក់ ទេ ដោយផ្ទាល់ និងប្រយោល។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលបញ្ជាក់ថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា នៅ សល់ចំនួន៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លទ្ធផលដ៏ល្អនេះ សម្រាប់កម្ពុជា គឺឈានទៅរកការបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា ស្របតាមសេចក្ដីប្រកាស នៅក្នុងទំព័រហ្វេសបុករបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយការគិតគូរខ្ពស់បំផុតដល់សុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយក៏សម្រាប់ការបានវិលត្រឡប់ ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញផងដែរ។
សម្ដេចតេជោ បានកំណត់រួចហើយថា ព្រឹត្តិការណ៍៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការធ្វើ ចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម៖
– សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានរាជធានីភ្នំពេញចំនួន១៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន៥នាក់) ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់ ក្នុងនោះជាសះស្បើយ១នាក់ និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាល ចំនួន៦៧នាក់ ខេត្តពោធិសាត់ ចំនួន៤០នាក់ ខេត្តព្រៃវែងចំនួន២៣នាក់ ខេត្តកំពង់ធំ ចំនួន៣នាក់។
– សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ គឺខេត្តកំពង់ឆ្នាំង ចំនួន១១នាក់។
– សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុ ៤០នាក់ ខេត្តកំពង់ចាមម្នាក់។
– សម្រប់ថ្ងៃទី២៥ ខេវិច្ឆិកា ឆ្នាំ២០២០ មានខេត្តព្រះវិហារ ចំនួន២០នាក់ និងរតនគិរី ចំនួន១០នាក់។
គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០៤នាក់ (ស្ត្រី ៦២នាក់ និងបុរស ២៤២នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៩១នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ១២នាក់៕

