សម្ដេចតេជោចាប់ផ្ដើមសកម្មភាពហាត់ប្រាណឡើងវិញ ក្រោយការអាក់ខានរយៈពេលជាង១ខែមក
ទំព័តហ្វេសប៊ុករបស់សម្ដេចតេជោ នៅថ្ងៃ១៩វិច្ឆិកាឆ្នាំ២០២០នេះ បានឲ្យដឹងថា ដោយសារជាប់រវល់ពិសេសការដោះស្រាយជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់បូកបន្ថែមដោយការធ្វើចត្តាឡីស័ក១៤ថ្ងៃ សម្ដេចមិនបានវាយកូនគោល ឬហាត់ប្រាណជាងមួយខែហើយ។
សម្ដេចបានបន្តថា នៅថ្ងៃនេះ សម្ដេចបានចេញវាយកូនគោលលើកដំបូងជាមួយសម្ភារៈថ្មីពិនិត្យឃើញថាកម្លាំងវាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាកក្នុងបន្ទប់១៤ថ្ងៃ។ អ្វីដែលប្លែកគឺក្បាលពោះដូចជាធំជាងមុន ដូចនេះសម្ដេចត្រូវដើរឱ្យបានពី៨ទៅ១០គីឡូម៉ែត្រនាថ្ងៃនេះ។ ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានសូមអភ័យទោសដែលសម្ដេចយកថ្ងៃធ្វើការមកវាយកូនគោល តែសម្ដេចបានពិនិត្យសម្រេច និងចុះហត្តលេខាលើឯកសារនាៗរួចហើយ និងពេលល្ងាចថ្ងៃ១៩វិច្ឆិកានេះ សម្ដេចនឹងបន្តការងារដដែល។
មូលហេតុដែលសម្ដេចធ្វើដូចនេះ ក៏ព្រោះតែចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីស័ក១៤ថ្ងៃតើមានការប្រែប្រួលយ៉ាងណា?។ម្យ៉ាងទៀតទីលានវាយកូនគោលនៅជាប់នឹងរបងផ្ទះមិនបានចេញទៅវាយនៅទីលានឆ្ងាយពីផ្ទះនោះទេ។ ចងបញ្ចប់ សម្ដេចតេជោ បានសរសេរថា លាហើយព្រឹត្តិការណ៍៣វិច្ឆិកា៕