ការចាក់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱថស Pfizer និង BioNTech អាចនឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក និងអឺរ៉ុបនាខែក្រោយនេះ
អាមេរិក៖ សារព័ត៌មានរ៉យទ័រចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ការចាក់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់អាមេរិក ភីហ្វីហ្ស៊ឺ និង បាយអូអិនធិច របស់អាល្លឺម៉ង់ អាចនឹងចាប់ផ្តើមប្រព្រឹត្តទៅនៅមុនថ្ងៃបុណ្យណូអែលខាងមុខនេះ ។
ក្រុមហ៊ុនផលិតឱសថរបស់ប្រទេសទាំងពីរ អាចនឹងទទួលបានការអនុញ្ញាតជាបន្ទាន់ពីស្ថាប័នជំនាញសហរដ្ឋអាមេរិក និង អឺរ៉ុប សម្រាប់ប្រឆាំងនឹងការរីករាលដាលនៃជម្ងឺ Covid-19 នាខែក្រោយនេះ បន្ទាប់ពីលទ្ធផលនៃការសាកល្បងចុងក្រោយបានបង្ហាញថា វាមានអត្រាជោគជ័យរហូតដល់៩៥ភាគរយ ហើយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរ ។
ទន្ទឹមគ្នានេះ ការពិសោធន៍ចុងក្រោយបានអះអាងថា ប្រសិទ្ធភាពនៃការចាក់ថ្នាំបង្ការរោគទាំងពីរនេះ ត្រូវបានគេរកឃើញថា មានប្រសិទ្ធភាពគ្រប់ជាតិសាសន៍ និង ក្រុមអាយុ ៕


