សហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសចំនួន០៣ទៀតចោទប្រកាន់ថា ចិនបានរំលោភលើកិច្ចព្រមព្រៀងហុងកុង បន្ទាប់ពីការដកសិទ្ធិសមាជិកសភាហុងកុង
ហុងកុង៖ សារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទីព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី កាណាដា និងនូវែលសេឡង់បានរួមគ្នាចោទប្រកាន់ចិនថា បានរំលោភបំពានលើការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោយសមាជិកសភាហុងកុងគាំទ្រលទ្ធិប្រជាធិបតេយ្យ០៤រូបត្រូវបានបណ្ដេញចេញពីសភាហុងកុង ។
អាជ្ញាធរហុងកុង កាលពីសប្ដាហ៍មុន បានដកសមាជិកភាពពីសមាជិកសភាហុងកុងគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន០៤រូប ដោយចោទថា បានធ្វើសកម្មភាពបំផ្លាញដល់សន្តិសុខជាតិ ។ ហើយបន្ទាប់មក សមាជិកសភាហុងកុងគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើនរូបទៀត ក៏បានប្រកាសលាលែងចេញពីតំណែងផងដែរ ដើម្បីបង្ហាញសាមគ្គីភាពរបស់ពួកគេចំពោះសមាជិកសភាទាំង០៤រូបនោះ ។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសប្រទេសទាំង ០៥ ខាងលើ ដែលជាសមាជិករបស់ក្រុមប្រទេសភ្នែក ៥ ឬ Five Eyes បានបញ្ជាក់ថា ចិនបានក្បត់ពាក្យសន្យារបស់ខ្លួនជាមួយអង់គ្លេសកាលពីឆ្នាំ១៩៨៤ ក្នុងការរក្សាស្វ័យ ភាពរបស់ទីក្រុងហុងកុង ដែលក្រោយហុងកុងត្រូវបានប្រគល់ឱ្យចិនវិញនៅឆ្នាំ១៩៩៧ ។ បន្ថែមលើនេះ ប្រទេសទាំង ០៥ ក៏បានបញ្ជាក់ដែរថា សកម្មភាពរបស់ចិនបានបង្ហាញយ៉ាងច្បាស់ ពីការបំពានកាតាព្វកិច្ចអន្តរជាតិ ដែលត្រូវតម្រូវដោយច្បាប់ និងសេចក្ដីថ្លែងការណ៍រួមរវាងចិន និងអង់គ្លេស ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ៕


