ប្រធានាធិបតីកូរ៉េខាងត្បូងជំរុញឱ្យកូរ៉េខាងជើងងាកមករកដំណោះស្រាយរួមគ្នាតាមរយៈកិច្ចសន្ទនា ជាជាងការប្រើប្រាស់ធម៌ក្តៅ
កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យកូរ៉េខាងជើងងាកមករកដំណោះស្រាយរួមគ្នាមួយ តាមរយៈការសន្ទនាគ្នា ជាជាងការប្រើប្រាស់ធម៌ក្តៅ នេះបើតាមសារព័ត៌មាន CGTN នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។
ការអំពាវនាវខាងលើនេះរបស់លោក មូន ចេអ៊ីន ធ្វើឡើងក្រោយប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង និងជាអនុប្រធានទី១ នៃគណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េខាងជើង លោកស្រី គីម យ៉ូចុង បានព្រមានថា ខ្លួនអាចនឹងសងសឹងកូរ៉េខាងត្បូងដោយប្រើធម៌ក្តៅ បើសិនទីក្រុងសេអ៊ូលនៅតែមិនអាចស្វែងរកដំណោះស្រាយ ជុំវិញការបង្ហោះខិត្តប័ណ្ណរិះគន់មេដឹងនាំកំពូល នៃទីក្រុងព្យុងយ៉ាងទេនោះ ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបានសង្កត់ធ្ងន់ថា ដល់ពេលហើយដែលកូរ៉េខាងជើង និងកូរ៉េខាងត្បូង ងាកមកស្វែងរកដំណោះស្រាយរួមគ្នាមួយ វាដល់ពេលហើយ ព្រោះយើងមិនអាចអង្គុយរង់ចាំឲ្យស្ថានការណ៍ឲ្យល្អប្រសើរឡើងខ្លួនឯងនោះឡើយ ដោយលោករំពឹងថា កូរ៉េខាងជើងនឹងបើកទ្វារសន្ទនាឲ្យបានកាន់តែធំ សម្រាប់ភាគីទាំងពីរផងដែរ ៕





