នៅថ្ងៃនេះ កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ និងមានអ្នកជាសះស្បើយ៣នាក់
ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ២០ វិច្ឆិកានេះ បានឲ្យដឹងថា គេមិនបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេនៅថ្ងៃ១៩វិច្ឆិកាឆ្នាំ២០២០។ ដូច្នេះ គិតមកដល់ព្រឹកថ្ងៃ១៩វិច្ឆិកាឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣០៤នាក់។ នៅថ្ងៃ២០វិច្ឆិកានេះ ផងដែរ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៣នាក់ ដែលនាំឲ្យអ្នកជាសះស្បើយសរុបមានចំនួន២៩៤នាក់ និងនៅសល់១០នាក់តែប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជាសសះស្បើយទាំង៣នាក់ មានបុរសជនជាតិប៉ាគីស្ថានអាយុ៣៥ឆ្នាំ មានអាសដ្ឋានស្នាក់នៅ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពញេ ដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប៊ីសាអូឌូត និងបន្តជើងហោះហើយនៅប្រទេសកូរ៉េខាងត្បូង មុនមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៥វិច្ឆិកាឆ្នាំ២០២០។
អ្នកជាសះស្បើយទី២ បុរសជនជាតិខ្មែរអាយុ២៩ឆ្នាំ មានអាស័យដ្ឋាននៅឃុំគគីរធំ ស្រុកកៀនស្វាយខេត្តកណ្ដាល និងទី៣ បុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ មានអាសយដ្ឋាននៅក្រុងដូនកែវ ខេត្តតាកែវ។ ពួកគេទាំង២នាក់ បានធ្វើដំណើរមកពីប្រទេសជប៉ុន ហើយបានបន្តជើងហោះហើយនៅប្រទេសកូរ៉េខាងត្បូង មុនមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៦វិច្ឆិកាឆ្នាំ២០២០។ បុគ្គលទាំង៣នាក់ខាងលើ ត្រូវក្រសួងសុខាភិបាលបញ្ជាក់ថា បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ចំនួន២ដង ហើយពួកគេត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕