វៀតណាមគំរាមបិទក្រុមហ៊ុន Facebook ប្រសិនបើនៅតែមិនព្រមទប់ស្កាត់ក្រុមប្រឆាំងនឹងរដ្ឋាភិបាលខ្លួន
វៀតណាម៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃសុក្រនេះថា វៀតណាមព្រមានបិទ Facebook ប្រសិនបើក្រុមហ៊ុនបណ្តាញសង្គមយក្សអាមេរិកនេះ មិនព្រមបង្កើនសកម្មភាពរឹតត្បិតលើមាតិកានយោបាយ ឬការរិះគន់ប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្លួនទេនោះ ។
បើតាមបុគ្គលិកជាន់ខ្ពស់ម្នាក់របស់ Facebook ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា ខាងក្រុមហ៊ុនខ្លួនបានប្រាប់ទៅវៀតណាមវិញថា ខ្លួនមិនអាចធ្វើបានឡើយ តែអាជ្ញាធរទីក្រុងហាណូយបានព្រមានថា នឹងចាត់វិធានការឆ្លើយតប ក្នុងនោះរួមមានទាំងការបិទដំណើរការផងដែរ ។
គួររំលឹកផងដែរថា កាលពីខែមេសាកន្លងទៅ Facebook បានព្រមព្រៀងជាមួយរដ្ឋាភិបាលវៀតណាម ក្នុងការរឹតត្បិតការបង្ហោះព័ត៌មាន ឬមាតិកាទាំងឡាយណាដែលប្រឆាំងនឹងរដ្ឋអំណាច សម្រាប់អ្នកប្រើប្រាស់នៅក្នុងស្រុក ប៉ុន្តែវៀតណាមនៅតែបន្តស្នើជាថ្មីម្ដងទៀត ឱ្យក្រុមហ៊ុនមួយនេះ បង្កើនសកម្មភាពរឹតត្បិតខ្លាំងជាងមុនកាលពីខែសីហាកន្លងទៅ ៕


