លោក ត្រាំ និងលោក ស៊ី នឹងមានជំនួបតាមអនឡាញ អំឡុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក
ម៉ាឡេស៊ី៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីចិនលោក ស៊ី ជិនពីង នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាស្តីពីបញ្ហាជម្ងឺ Covid-19 ក៏ដូចជាការស្តារសេដ្ឋកិច្ចសកលឡើងវិញ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២០ ។
មេដឹកនាំប្រទេសមហាអំណាចទាំងពីរ នឹងចូលរួមកិច្ចប្រជុំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា អេពិច (APEC) ដែលមានប្រទេសចំនួន ២១ ជាសមាជិក ដោយប្រទេសម៉ាឡេស៊ីនឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអន្តរជាតិនេះ ពោលគឺពីរសប្តាហ៍បន្ទាប់ពីលោក ដូណាល់ ត្រាំ ចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ។ មេដឹកនាំនានានៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានអំពាវនាវនៅថ្ងៃព្រហស្បត៍នេះ អោយមានពាណិជ្ជកម្មបើកចំហរ និង ពហុភាគី ដើម្បីគាំទ្រដល់សេដ្ឋកិច្ចសកលលោក ដែលត្រូវបានរងផលប៉ះពាល់ដោយ សារវិបត្តិ Covid-19 ។
សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្មការពារទំនិញក្នុងប្រទេស ចាប់តាំងពីលោកបានចូលកាន់តំណែងនៅដើមឆ្នាំ ២០១៧ មក ។ គោលការណ៍ទាំងនោះរួមមានផងដែរនូវការយកពន្ធគយដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារលើទំនិញរបស់ចិន ដែលបានធ្វើឲ្យមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ៕



