ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភីវឌ្ឍន៍ជនបទ បានបញ្ជាគ្រឿងចក្របើកការដ្ឋានជួសជុលនិងកែលម្អផ្លូវ ជនបទក្រួសក្រហម ចំនួន៥ខ្សែ ក្នុងខេត្តបាត់ដំបង
កំណាត់ផ្លូវគ្រួសក្រហមចំនួន៥ខ្សែ ដែលជាអាទិភាព ក្នុងចំណោមផ្លូវជនបទចំនួន១៥ខ្សែ ដែលទទួលរងនូវការខូចខាតដោយសារតែទឹកជំនន់ទឹកភ្លៀងកន្លងមកនៅក្នុងខេត្តបាត់ដំបង ត្រូវបានបើកការដ្ឋានក្នុងការស្ថាបនានិងស្តារឡើងវិញជាបន្ទាន់ដើម្បីឲ្យឆ្លើយតបតាមសំណូមពរ និងជា តម្រូវការចាំបាច៎របស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង។
កំណាត់ផ្លូវក្រួសក្រហម ដែលត្រូវបើកការដ្ឋានស្ថាបនាឡើងវិញនេះ ស្ថិតនៅក្នុង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានប្រវែងជាង១៤គីឡូម៉ែត្រ គឺជាកំណាត់ផ្លូវដែលតភ្ជាប់ នូវផ្លូវដង្ហើមសេដ្ឋកិច្ចប្រទាក់ក្រឡាពីឃុំមួយទៅឃុំមួយ និង តភ្ជាប់ទៅកាន់ស្រុកដែលមានព្រំប្រទល់ជាប់ និងមានភូមិសាស្ត្រ តភ្ជាប់គ្នាផងដែរ។
ជាក់ស្តែងនៅរសៀល ថ្ងៃទី២០ ខែវិច្ឆិកា នេះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង បានអញ្ជើញបញ្ជាគ្រឿងចក្រ ដើម្បីបើកការដ្ឋានស្ថាបនាផ្លូវក្ក្រួសក្រហមមួយខ្សែនេះដើម្បីជានិមិត្តរូបជំនួសផ្លូវក្រួសក្រហមចំនួន៤ខ្សែ នៅកន្លែងផ្សេងទៀតតាមបណ្តាស្រុក ក្នុងខេត្តបាត់ដំបង ដើម្បីធ្វើការស្ដារឡើងវិញជាបន្ទាន់ នូវកំណាត់ផ្លូវទាំងនោះ រួមទាំងសំណង់សិល្បៈការមួយចំនួនទាំង៥ខ្សែដែលជាអាទិភាពជំហានដំបូងនេះ និងកំពុងទទួលរងនូវកាការខូចខាតធ្ងន់ធ្ងរខ្លាំងជាងគេ ហើយក៏តម្រូវការចាំបាច់ជាងគេ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )












