ក្រុមហ៊ុនចិន០៤ទៀតនឹងត្រូវដាក់បញ្ចូលក្នុងបញ្ជីខ្មៅរបស់មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក
អាមេរិក៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃសៅរ៍នេះថា ក្រុមហ៊ុនចិនចំនួន០៤ ទៀតនឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះ នៃក្រុមហ៊ុនគាំទ្រដោយយោធាចិនរបស់សហរដ្ឋអាមេរិក ខណៈការដាក់ទណ្ឌកម្មបន្ថែមនេះ នឹងនាំអោយក្រុមហ៊ុនចិនចំនួន ៣៥ រងផលប៉ះពាល់ ។
តាមរយៈទណ្ឌកម្មខាងលើនេះ ក្រុមហ៊ុនចិនទាំងនោះ នឹងមិនអាចធ្វើពាណិជ្ជកម្មជាមួយវិនិយោគិនអាមេរិកបានឡើយ ចំពេលដែលរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបន្តព្យាយាមពង្រឹងគោលនយោបាយប្រឆាំងចិន បើទោះបីជានឹងត្រូវផុតអាណត្តិពីរខែទៀតក្តី ។
សូមរំលឹកឡើងវិញថា ការបង្កើតបញ្ជីឈ្មោះនៃក្រុមហ៊ុនចិនដែលជាប់ទាក់ទងជាមួយយោធាចិននេះ ត្រូវបានកំណត់ចេញដោយច្បាប់សហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៩៩ ដែលតម្រូវឱ្យមន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិអាមេរិក ចងក្រងជាបញ្ជីរាយនាមក្រុមហ៊ុន ដែលគ្រប់គ្រងដោយកងទ័ពរំដោះប្រជាជនចិន ប៉ុន្តែក្រសួងការពារជាតិអាមេរិកទើបតែបានអនុវត្តតាមនៅឆ្នាំ២០២០ ៕


