សំណល់ប្លាស្ទិករាប់សិបតោនក្នុងមួយឆ្នាំៗត្រូវបានទប់ស្កាត់មិនឱ្យហូរចូលបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តសៀមរាប

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖យ៉ាងហោចណាស់កាកសំណល់ដែលជាសារជាតិប្លាស្ទិកគ្រប់ប្រភេទក្នុងមួយឆ្នាំៗប្រមាណជិត ២០០ តោនត្រូវបានទប់ស្កាត់និងប្រមូលចេញមិនឱ្យហូរចូលបឹងទន្លេសាប នៅភូមិសាស្ត្រខេត្តសៀមរាប។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា មន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិកាក្រសួងបរិស្ថាន។

ថ្លែងនៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២០នេះក្នុងពិធីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ និងពិធីបុណ្យទន្លេសាបរដូវទឹកសម្រកប្រចាំឆ្នាំ២០២០ឯកឧត្តម នេត្រ ភក្ត្រា ឱ្យថា បឹងទន្លេសាបត្រូវបានបំពុលដោយថង់ប្លាស្ទិកទាំងសហគមន៍ដែលរស់នៅលើបឹងទន្លេសាបនេះផង និងការហូរនាំយកប្លាស្ទិក ដែលបងប្អូនប្រជាពលរដ្ឋបោះចោលគ្មានសណ្តាប់ធ្នាប់តាមព្រែក តាមស្ទឹងនានាចាក់ចូលមកក្នុងបឹងទន្លេសាបផង។

យ៉ាងណាក្តី ឯក ឧត្តម រដ្ឋលេខាធិការបានបញ្ជាក់ថាសារជាតិប្លាស្ទិកគ្រប់ប្រភេទក្នុងមួយឆ្នាំៗប្រមាណជិត ២០០ តោនត្រូវបានទប់ស្កាត់និងប្រមូលចេញមិនឱ្យហូរចូលបឹងទន្លេសាប នៅភូមិសាស្ត្រខេត្តសៀមរាបដែលជាផ្នែកមួយចូលរួមថែរក្សាបរិស្ថានដើម្បីនិរន្តរភាពទីស្អាត មានមេត្រីភាពបរិស្ថាន ដើម្បីភាពសុខុដុមរមនាបរិស្ថាន និងការស់នៅដោយចីរភាព។

 ឯកឧត្តមនេត្រភក្ត្រាបានលើកឡើងថាចំពោះការអប់រំនិងផ្សព្វផ្សាយលើផលប៉ះពាល់ពីសំណល់ប្លាស្ទិកពិតជាមានសារៈសំខាន់និងត្រូវធ្វើ ជាប្រចាំហើយជាមួយគ្នានេះត្រូវមានការចូលរួមអនុវត្តជាប្រចាំ រួមនឹងបង្កើតគំនិតផ្តួចផ្តើមផ្សេងៗដើម្បីប្រសិទ្ធភាពនៃការកាត់បន្ថយការបំពុលដោយប្លាស្ទិកក្នុងបឹងទន្លេសាប។

បើតាមការឱ្យដឹងរបស់ រដ្ឋលេខាធិការក្រសួងបរិស្ថាន ស្ថានភាពគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២០នេះគឺបរិមាណបង្កើតសំណល់ប្រមាណ ៥០៦តោនក្នុងមួយថ្ងៃ ហើយបរិមាណកែច្នៃឡើវិញមានប្រមាណ ១០៣ តោនក្នុងមួយថ្ងៃ (អាជីវករប្រមូលទិញអេតចាយ មានចំនួន៤៩ទីតាំង) បរិមាណសំណល់ប្រមូលយកទៅដាក់ទីលានចាក់សំរាមប្រមាណ ២៤១តោនក្នុងមួយថ្ងៃ ហើយបរិមាណសំណល់ដែលបោះចោលដោយខុសច្បាប់ប្រមាណ ១៦២តោនក្នុងមួយថ្ងៃ ដែលបាន ដុតចោល បោះចោលតាមដងផ្លូវ និងប្រឡាយសាធារណៈ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner