ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ៖ «អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរស្រុកស្រីស្នំខេត្តសៀមរាប បានរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ «អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ» ដែលរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ៤៧ អនក្រ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតទិវាអនាម័យបរិស្ថានជាតិ.
ទិវានេះត្រូវប្រារព្ធធ្វើនៅថ្ងៃទី២៣ ខែវិច្ឆិកា ជារៀងរាល់ឆ្នំាដើម្បីបំផុស ចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងយោធពលខេមរភូមិន្ទ នគរបាល អ្នករាជការគ្រប់ផ្នែកគ្រប់ថ្នាក់ សិស្ស និស្សិត គ្រប់ភូមិ ដើម្បីឲ្យចូលរួមទាំងស្មារតី និងសម្ភារៈក្នុងការធ្វើអនាម័យ និងកែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ មជ្ឈមណ្ឌល សេដ្ឋកិច្ចសំដៅបំបាត់ឲ្យយខាងតែបាននូវភាពកខ្វក់ សំរាម និងកាកសំណល់ផ្សេងៗដើម្បីកែលម្អគុណភាពបរិស្ថាន ប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសគ្របដណ្តប់ដោយ រុក្ខជាតិខៀវស្រងាត់ ផ្កាចំរុះពណ៌ លើកស្ទួយសុខភាពជីវភាពរស់នៅរបស់ប្រជាសហគមន៍ និងប្រជាពលរដ្ឋប្រកបដោយអនាម័យបរិស្ថានល្អ។
ក្នុងឱកាសនោះ លោក ហ៊ន់ ឬទ្ធិ អភិបាលស្រុកស្រីស្នំ មានប្រសាសសន៏ថា ដើម្បីជាការរួមចំណែកការអនុវត្តអនុក្រឹត្យស្តីពីការរៀបចំទិវាអនាម័យបរិស្ថានជាតិ ឱ្យមានប្រសិទ្ធិភាព និងប្រសិទ្ធិផលក្នុងការគ្រប់គ្រងសំរាម និងអនាម័យទីប្រជុំជន ឱ្យបានផុសផុលដើម្បីទីក្រុងស្អាត និងភូមិដ្ឋានគ្មានសំរាមយើងត្រូវចូលរួមសម្អាតទាំងអស់គ្នា។ ការប្រារព្ធទិវានេះ គឺក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យចេះស្រលាញ់ ថែរក្សា និងជាពិសេសធ្វើការសំអាតអនាម័យបរិស្ថានឲ្យក្លាយជាចរន្តចលករដែលជំរុញឱ្យមានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថានចេញពីបុគ្គលម្នាក់ៗក្នុងការចេះទទួលខុសត្រូវ ក្នុងការទុកដាក់កាកសំណល់ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព រាជធានី-ខេត្តទូទាំងប្រទេសនោះឡើយ។
លោក បានបន្តទៀតថា ទិវាថ្នាក់ជាតិនឹងត្រូវប្រារព្ធនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមប្រធានបទ «អនាម័យ បរិស្ថានល្អ សុខភាពសហគមន៍ល្អ»។ ការរៀបចំនេះសំដៅដល់ចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈឱ្យចូលរួម ធ្វើអនាម័យក៏ដូចជាបំផុសចលនាចូលរួមធ្វើការសំអាតអនាម័យបរិស្ថានតាមទីលំនៅដ្ឋាន ទីសាធារណៈ ដោយទុកដាក់ក្នុងធុងសំរាមឲ្យយបានត្រឹមត្រូវ និងដាំដើមឈើដើម្បីឱ្យមានភាពបៃតងស្រស់ប្រកបដាយ ផាសុកភាពផងដែរ។ ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរឥរិយាបថ និងអាកប្បកិរិយារបស់មនុស្សក្នុងការប្រើប្រាស់ ផលិតផល ធ្វើពីប្លាស្ទិក គឺជារឿងចាំបាច់បំផុត។ ការបំពុលដោយប្លាស្ទិកនឹងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត មនុស្ស-សត្វជាពិសេសសំណល់ប្លាស្ទិកទាំងនេះកំពុងតែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ភពផែនដីរបស់យើង៕ ដោយ ស៊ាន សុផាត