ប្អូនស្រីរបស់លោក គីម ជុងអ៊ុន គំរាមចាត់វិធានការយោធាប្រឆាំងកូរ៉េខាងត្បូង បន្ទាប់ពីទើបកាត់ផ្តាច់បណ្តាញទំនាក់ទំនងរវាងប្រទេសទាំងពីរ

កូរ៉េខាងជើង៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូ ចុង បានគំរាមចាត់វិធានការយោធាប្រឆាំងនឹងរដ្ឋាភិបាលក្រុងសេអ៊ូល ហើយថែមទាំងហៅកូរ៉េខាងត្បូងថា ជា “សត្រូវ” នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។

ការព្រមានបែបនេះរបស់លោកស្រី គីម យ៉ូ ចុង បានកើតមានឡើងស្របពេលដែលលោកស្រីបានរិះគន់រដ្ឋាភិបាលក្រុងសេអ៊ូល ចំពោះការធ្លាក់ចុះទំនាក់ទំនងទ្វេភាគី និងការអសមត្ថភាពរបស់អាជ្ញាធរកូរ៉េខាងត្បូង ក្នុងការរារាំងកុំឱ្យពួកសកម្មជនបង្ហោះខិត្តប័ណ្ណកាត់ព្រំដែន ដើម្បីនាំសារប្រឆាំងនឹងកូរ៉េខាងជើង ។

បន្ថែមលើនេះ លោកស្រី គីម យ៉ូ ចុង បានធ្វើការគំរាមជាថ្មីដោយថា រដ្ឋាភិបាលក្រុងសេអ៊ូលនឹងបានឃើញក្នុងពេលឆាប់ៗ នូវការដួលរលំការិយាល័យទំនាក់ទំនងកូរ៉េដែលគ្មានតម្លៃនៅតំបន់សួនឧស្សាហកម្មកេសុង ជាប់ព្រំដែន ។ សូមជម្រាបផងដែរថា ការិយាល័យទំនាក់ទំនងនៅតំបន់សួនឧស្សាហកម្មកេសុង ត្រូវបានបង្កើតឡើងជាលទ្ធផលនៃកិច្ចព្រមព្រៀងសំខាន់មួយ រវាងប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន កាលពីឆ្នាំ២០១៨ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner