បងប្អូន២នាក់ចេញពីធ្វើការសំណង់នាំគ្នាស្ងោរមាន់ហូបជាមួយបាយ ស្រាប់តែផ្ទុះធុងហ្គាសស្លាប់ម្នាក់របួសម្នាក់
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ក្នុងផ្នួកភ្លេីងយ៉ាង និងម្នាក់ទៀតបានរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈពួកគាត់ចេញពីធ្វើការសំណង់ហើយនាំគ្នាស្ងោរមាន់ដេីម្បីហូបបាយស្រាប់តែផ្ទុះធុងហ្គាស ឆាបឆេះបន្ទប់ជួល កាលពីវេលាម៉ោង១៩ និង២០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចបន្ទប់ជួលលេខ ៣៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា៖ សពជនរងគ្រោះមានឈ្មោះព្រីម សុខា ភេទប្រុស អាយុ២១ ឆ្នាំមុខរបរដើរម៉ៅការបុកគ្រឹះ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ មានស្រុកកំណើត ភូមិប្រាំយ៉ាង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមានប្រពន្ធកំពុងមានផ្ទៃពោះ៧ខែផង។ ចំណែកម្នាក់ទៀតឈ្មោះព្រីម ឃីញ ភេទប្រុសអាយុ២១ឆ្នាំ ស្នាក់នៅជាមួយគ្នា និងស្រុកកំណើតជាមួយគ្នា។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបងប្អូនកូនភ្លោះ២ នាក់រួមទាំងក្មួយជីដូនមួយម្នាក់ទៀត ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ហើយបាននាំគ្នាបើកហ្គាសស្ងោរមាន់ធ្វើម្ហូបមិនទាន់នឹងបានហូបផងស្រាប់តែផ្ទុះធុងហ្គាសប្រភេទធុងតូច បណ្ដាលឲ្យឆាបឆេះបន្ទប់ជួល បន្ទាប់មកគេឃើញបុរសជាប្អូននឹងក្មួយជីដូនមួយបានរត់ចេញមកក្រៅ និងស្រែកឲ្យជួយ ចំណែកបងមិនបានចេញមកក្រៅទេដោយនៅស្តាយម៉ូតូមួយគ្រឿង បម្រុងយកចេញ ខណៈនោះប្អូនមិនឃើញបងចេញមកក្រៅក៏ចូលទៅជួយ បន្ទាប់មកបងបានចេញមកក្រៅ ចំណែកប្អូនត្រូវបានភ្លើងឆាបឆេះស្លាប់តែម្តង។
ក្រោយមកក៏ផ្អើលដល់ប្អូនប្រជាពលរដ្ឋ នាំគ្នារាយការណ៍ជូនទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងចុះមកជួយអន្តរាគមន៍ ខណៈដែលមកដល់អគ្គិភ័យត្រូវបានរលត់ទៅវិញបាត់ទៅហើយ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ចំពោះករណីខាងលើនេះកម្លាំងសមត្ថកិច្ចកច្ចមូលដ្ឋាននិងជំនាញបានចុះមកកន្លែងកើតហេតុខាងលើកំពុងតែធ្វើការស្រាវជ្រាវបន្ត និងធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ជីម ភារ៉ា