ប្រាសាទព្រះធាតុខ្វាន់ពីរ
ប្រាសាទព្រះធាតុខ្វាន់ពីរ ជាប្រាសាទ ដែលនៅសល់រូបរាងមួយប៉ុណ្ណោះក្នុងទឹកដីខេត្តក្រចេះ។ ប្រាសាទនេះគឺជាផ្នែកមួយនៃរាជធានីសម្ភុបុរៈ នៃដែនដីចេនឡាគោក។
នៅក្នុងសិលាចារឹកនៃប្រាសាទព្រះធាតុខ្វាន់ពីរបានពណ៌នា៖ ការមកអំពីស្រុកអនិន្ទិតបុរៈនៃសន្តានរបស់ព្រះបាទជ័យវរ្ម័នទី២ និងប្រារព្ធពិធីបួងសួងបានចាកផុតអំពីជ្វា។ ឯកសារ ដែលផ្តល់សារៈសំខាន់បំផុតចំពោះខេត្តក្រចេះគឺសិលាចារឹក ដែលបានមកពីប្រាសាទខ្វាន់ពីរ ឋិតនៅប្រមាណ ៥០គីឡូម៉ែត្រ នៅទិសខាងត្បូងឆៀងខាងកើត នៃរាជធានីសម្ភុបុរៈ។ ការសិក្សាផ្ទាំងសិលាចារឹកដ៏សំខាន់នេះធ្វើឡើងដោយលោក ហ្ស៊ក្ស សឺដែស បានឱ្យដឹងអំពីការបូជាព្រះសិវលិង្គនៅក្នុងតំបន់នេះ។ តាមសិលាចារឹកប្រាសាទនេះបាននិយាយអំពីការកសាងព្រះសិវៈលិង្គថ្មមួយឈ្មោះ ស្រីបុសករេស្វរៈ នៅឆ្នាំ៧១៦នៃគ្រិស្តសករាជ ដោយមនុស្សម្នាក់ឈ្មោះ បុស្ករ ដែលក្រោយមកបានក្លាយជាស្តេចនៅទីក្រុងសម្ភុបុរៈនេះទៅ។
ម៉្យាងទៀតមានការសិក្សាអំពីសិលាចារឹកនៃទួលតាគិន ដែលឋិតនៅប្រមាណជា ៣គីឡូម៉ែត្រ ពីស្រុកសម្បូរ ផ្នែកខាងលើទន្លេមេគង្គ ក្នុងខេត្តក្រចេះដដែលនេះ អាចផ្តល់នូវទិន្នន័យបន្ថែមទៀតថា អ្នកបម្រើប្រចាំត្រកូល ឬព្រះរាជវង្សានុវង្សព្រះមហាក្សត្រ នៃក្រុងសម្ភុបុរៈគឺជាអ្នករួមសាច់សារលោហិតជាមួយព្រះបាទជ័យវរ្ម័នទី២ ដែលទ្រង់សោយទីវង្គត នៅក្នុងឆ្នាំ ៨៥៤ នៃគ្រិស្តសករាជ។
ដោយសារលទ្ធផល នៃការស្រាវជ្រាវទាំងនេះ បានឱ្យដឹងថា ទីក្រុងសម្ភុបុរៈ ជារាជធានីនៃចេនឡាគោក ហើយឈ្មោះបុស្ករនេះត្រូវបានកត់ត្រាក្នុងសិលាចារឹកជាច្រើនរបស់ ព្រះបាទយសោវរ្ម័នទី១ ដែលក្នុងនោះព្រះអង្គបានរៀបរាប់ព្រះនាម ព្រះអយ្យកា ព្រះអយ្យកោ របស់ព្រះអង្គ ប៉ុន្តែសរសេរជា”បុស្ករា” វិញ។ លើសពីនេះព្រះបាទជ័យវរ្ម័នទី២ សោយរាជ្យសម្បត្តិ ព្រោះមកពីព្រះអង្គជាព្រះរាជនត្តាទួតខាងមាតា ដែលជាព្រះទេពីរបស់ព្រះបាទបុស្ករាក្សសោយរាជ្យសម្ភុបុរៈ៕




ប្រភពមកពី ក្រុមទេសចរខ្មែរ-Khmer Tourist