ចង់បើកជំនួញក្នុងសម័យកូវីដ19 មែនទេ ?ប៉ុន្មានចំណុចនេះអ្នកគួរពិចារណាជាមុនសិន!
អាជីវកម្មថ្មី ៖តាមពិតទៅការចាប់ផ្តើមអាជីវកម្មថ្មីក្នុងពេលដែលពិភពលោកកំពុងរងវិបត្តិនៃវិរុសរាតត្បាតកូវីដ19 គឺជាការជំនះដ៏លំបាកបំផុត ប៉ុន្តែនេះមិនមានមានន័យថាមិនអាចទៅរួចនោះដែរ។តោះអានប៉ុន្មានចំណុចខាងក្រោមនេះជាមុនសិនមុនពេលអ្នកសម្រេចចិត្តចង់បន្ត ឬក៏ផ្អាកគម្រោងអាជីវកម្មមួយរយៈសិន !
មិនថាវិស័យ ឬឧស្សាហកម្មប្រភេទណានោះទេ ទាំងតូចទាំងធំនៅពេលនេះត្រូវតែសម្របខ្លួនជាចាំបាច់ទៅនឹងគោលការណ៍រក្សាចំងាយសុវត្ថិភាពទាំងបុគ្គលិកខាងក្នុង និងជាមួយនឹងអតិថិជនខាងក្រៅ ដូចនេះវាមិនមែនជារឿងងាយស្រួលនោះទេទោះបីជាអាជីវកម្មកំពុងដំណើរការស្រាប់ក្តី ចុះទម្រាំតែអាជីវកម្មថ្មី?ប៉ុន្តែអ្នកត្រូវចាំថា ដរាបណាតម្រូវការនៅតែមាននោះការផ្គត់ផ្គង់គឺនៅតែចាំបាច់។
ជាក់ស្តែង កូវីដ19ដែលបាន មកដល់ពេលនេះគ្រាន់តែបានធ្វើឲ្យមនុស្សលោកចាប់ផ្តើមផ្លាស់ប្តូររបបរស់នៅរបស់គេតែប៉ុណ្ណោះ ប៉ុន្តែលំហូរនៃហិរញ្ញវត្ថុគឺកំពុងតែស្ទះរកច្រកចេញចូលដូចគ្នា ដូចនេះបើអ្នករកឃើញចំណុចនេះ នោះអ្នកនឹងអាចប្រមូលយកប្រាក់ចំណេញបានយ៉ាងងាយៗជាមិនខាន។
សាកគិតពិចារណាទៅលើអាជីវកម្មប៉ុន្មានខាងក្រោមនេះទាំងអស់គ្នា ដូចជាសេវាកម្មបោសសំអាត សេវាកម្មបោកអ៊ុត លក់ឧបករណ៍ហាត់ប្រាណអនឡាញ និងបើកបង្រៀនវគ្គហាត់ប្រាណអនឡាញឬផលិតម៉ាសជាដើម។អាជីវកម្មទាំងនេះសុទ្ធតែមានតម្រូវការទាំងអស់ ប៉ុន្តែវាអាស្រ័យទៅនឹងតំបន់ ឬមជ្ឈដ្ឋានរបស់អ្នកដែរថា តើគួរអាចចាប់យកមួយណាបាន។
ដូចនេះអ្វីដែលអ្នកអាចគួរចាប់ផ្តើមធ្វើនៅពេលនេះ ប្រសិនបើអ្នកនៅតែចង់ចាប់ផ្តើមធ្វើវានោះអាចមានទៅតាមដំណាក់កាលដូចខាងក្រោម៖
- គិតទៅលើអ្វីដែលជាតម្រូវការរបស់អតិថិជន ឬមនុស្សគ្រប់គ្នានៅពេលនេះ
- អភិវឌ្ឍន៍ទៅលើយុទ្ធសាស្រ្តម៉ាឃីតធីងតាមបែបឌីជីថល
- ភ្ជាប់ទំនាក់ទំនងជាមួយនឹងអតិថិជនឲ្យបានច្រើនតាមរយៈបណ្ដាញសង្គម
- ផែនការអាជីវកម្មរបស់អ្នកដែលមានត្រូវតែជាប្រភេទអាជីវកម្មក្នុងរយៈពេលវែង
- រៀបចំខ្លួនឲ្យបានរួចរាល់សម្រាប់ការបត់បែន និងចាប់យកគំនិតវិជ្ជមានជានិច្ចពេលជួបឧបសគ្គ
អ្នកទាំងអស់គ្នាត្រូវចងចាំថា ជាធម្មតាអាជីវកម្មថ្មីគឺមានភាគរយបរាជ័យច្រើនជាងជោគជ័យ ដូចនេះអ្នកត្រូវតែត្រៀមខ្លួនឲ្យរួចជាស្រេចួទៅលើផលប៉ះពាល់និងលទ្ធផលដែលនឹងទទួលបាន។បើអ្នកជោគជ័យអ្នកអាចឈានទៅមួយដំណាក់ទៀត ប៉ុន្តែបើអ្នកដួលនៅគ្រានេះ សាកគិតទៅមើលថា តើអ្នកអាចងើបវិញបានដែរ ឬទេ? ហើយតស៊ូបានដល់កម្រិតណាបន្តទៀត?