ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនមួយបរាជ័យ ក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែតឡើងទៅកាន់ទីអវកាស
ជប៉ុន៖ ក្រុមហ៊ុនបច្ចេកវិទ្យា អ៊ីធើស្ទេឡា តិចណូឡូជី បានបាញ់រ៉ុក្កែតមានឈ្មោះ Momo-5 របស់ខ្លួនចេញពីទីតាំងមួយនៅព្រឹកថ្ងៃអាទិត្យម្សិលមិញ ប៉ុន្ដែម៉ាស៊ីនរបស់រ៉ុក្កែតបានឈប់មួយរំពេច ក្រោយហោះបានមួយនាទី ហើយក៏បានធ្លាក់ចូលក្នុងទឹកសមុទ្រ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។
បើតាមក្រុមហ៊ុនដែលមានមូលដ្ឋាននៅភាគខាងជើងកោះ ហុកកៃដូ ខាងលើនេះ គ្រាប់រ៉ុក្កែតបានបាញ់ និង ហោះបានកម្ពស់ប្រហែល១១គីឡូ ម៉ែត្រ មុនពេលផ្អៀងធ្លាក់ចូលសមុទ្រ ព្រោះផ្នែកខ្លះនៃម៉ាស៊ីនត្រូវបានខូចខាត ហើយតួមិនអាចរក្សាទិសដៅបាន ។ គ្រាប់រ៉ុក្កែត Momo-5 ដែលមានប្រវែងប្រហែល១០ម៉ែត្រមានអង្កត់ផ្ចិត ៥០ សង់ទី ម៉ែត្រ និងមានទំងន់១តោនខាងលើនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាឧបករណ៍សាកល្បងចាប់សញ្ញានាវាចរណ៍ តាមប្រព័ន្ធផ្កាយរណប ដែលក្រុមហ៊ុនកំពុងអភិវឌ្ឍន៍ ។
សូមរំលឹថា ដំបូងឡើយ គ្រាប់រ៉ុក្កែត Momo-5 គ្រោងបាញ់បង្ហោះទៅកាន់ទីអវកាស ចាប់តាំងពីខែមករាមកម្ល៉េះ ប៉ុន្ដែត្រូវបានពន្យារពេលដោយសារតែមានបញ្ហាជាមួយឧបករណ៍ទំនាក់ទំនង ៕



