ជនជាតិចិនបើករថយន្តស្ទារិច បុកម៉ូតូឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បើករថយន្តហុីយ៉ាន់ដាយ ស្តារិច មួយគ្រឿងជ្រុលទៅបុកម៉ូតូខណៈកំពុងជិះឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ដួលបោកក្បាលរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ ២៣៣ ខាងកើតស្តុបសន្ធរមុខប្រមាណជាង ១០០ ម៉ែត្រ ក្នុងសង្កាត់ផ្សារដេប៉ូទី ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាស្កុបពីមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IF-3027ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីកេីតមកលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ស្តារិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BB-2571បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើត (បញ្ច្រាស់ទិសគ្នា)បានបត់ឆ្វេងមកផ្លូវ២៣៣ ហេីយជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលជនរងគ្រោះដួលបោកនិងថ្នល់រងរបួសធ្ងន់។ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌគោក រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ ជីម ភារ៉ា