ថៃ៖ លោកប្រាយុទ្ធបដិសេធថាគ្មានរដ្ឋប្រហារថ្មី ឬច្បាប់អាជ្ញាសឹកទប់ទល់នឹងក្រុមបាតុករទេ
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី២៣ វិច្ឆិកា ម្សិលមិញ បានប្រកាសច្រានចោលចំពោះការប៉ាន់ស្មានថា អាចនឹងមានរដ្ឋប្រហារយោធាមួយទៀត ឬ ប្រើច្បាប់អាជ្ញាសឹកបង្ក្រាបក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបច្ចុប្បន្ន មុនពេលមានព្រឹត្តិការណ៍ដ៏ធំមួយ នៅមុខការិយាល័យគ្រប់គ្រងព្រះរាជទ្រព្យ នាថ្ងៃពុធ ទី២៥ វិច្ឆិកា ស្អែកនេះ។
លោកនាយករដ្ឋមន្ត្រីថៃរូបនេះបានអះអាងថា រដ្ឋាភិបាលកំពុងព្យាយាមទប់ស្កាត់ការប្រឈមមុខដាក់គ្នារវាងក្រុមតវ៉ាប្រឆាំងទេ ហើយសន្យាថា នឹងប្រើច្បាប់ស្មើភាពទប់ទល់នឹងភាគីទាំងសងខាង។ លោក ប្រាយុទ្ធថា រដ្ឋាភិបាលនឹងមិនរើសអើងប្រឆាំងនឹងជនណាទេ ហើយអំពាវនាវដល់ក្រុមបាតុករយោគយល់ចំពោះកាតព្វកិច្ចរបស់មន្ត្រីដែលត្រូវរក្សាសណ្តាប់ធ្នាប់។ លោកក៏សង្កត់ធ្ងន់ថា ច្បាប់អាជ្ញាសឹកនឹងមិនត្រូវប្រើប្រាស់ ដើម្បីទប់ស្កាត់បញ្ហានេះ ឬ ការជួបជុំលើកក្រោយៗទៀតនោះទេ ហើយបានច្រានចោលចំពោះគំនិតដែលថា អាចនឹងមានរដ្ឋប្រហារមួយទៀតជាដើមនោះ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីបានប្រកាសថា នឹងប្រើប្រាស់ច្បាប់ទាំងអស់ ទប់ទល់នឹងក្រុមបាតុករដែលបំពានច្បាប់។ ការព្រមាននេះធ្វើឡើង ខណៈដែលពួកបាតុករនៅតែបន្តទាមទារឲ្យលោកចុះចេញពីតំណែង និងធ្វើកំណែទម្រង់របបរាជានិយម៕
