មន្ទីរសង្គមកិច្ចខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាល ស្តីពី កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

សៀមរាប៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប ដោយទទួលបានកិច្ចសហការ និងគំាទ្រពីមូលនិធិសហប្រជាជាតិដើម្បីកុមារ  បានបើកវគ្គបណ្តុះបណ្តាលមួយ ស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីផ្តល់ការយល់ដឹងអំពីដំណើរការនៃការអនុវត្តកម្មវិធី និងរបៀបប្រើប្រាស់មុខងារថ្មីរបស់អែប(APP) បង្កើនសមត្ថភាពគ្រប់គ្រាន់ក្នុងការតម្រង់ទិស និងគំាទ្រផ្នែកបច្ចេកទេសដល់ឃុំសង្កាត់ ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀសីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ។ លោក នាក់ ណេរ៉ុន មានប្រសាសន៍ថា ការរីករាលដាលនៃជំងឺកូវីដ- ១៩ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ពេលបច្ចុប្បន្ន បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសទីផ្សារនាំចេញរបស់កម្ពុជា ហើយប្រសិនបើជំងឺនេះនៅបន្តអូសបន្លាយ និងរីក រាលដាលបន្តទៀតនោះ នឹងធ្វើវិស័យសំខាន់ពីរនៃសេដ្ឋកិច្ចកម្ពុជាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ គឺវិស័យឧស្សាហកម្ម រួមមាន ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងវិស័យសេវាកម្ម រួមមានទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងបដិសណ្ឋារ កិច្ច  ហើយផលប៉ះពាល់នេះធ្វើឱ្យកើតមាននូវនិកម្មភាព និងការធ្លាក់ចុះចំណូលជាបន្តបន្ទាប់ ។
លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលការអនុញ្ញាតពីក្រុមការងារ ឱ្យសិក្សាឡើងវិញនូវជម្រើសអន្តរាគមន៍ ថ្លៃចំណាយជាកញ្ចប់សម្រាប់ឧបត្ថម្ភគ្រួសារក្រីក្រ យន្តការអនុវត្តជាពិសេសយន្តការបើកផ្តល់ ក៏ដូចជារចនាសម្ព័ន្ធទ្រទ្រង់សម្រាប់យន្តការអនុវត្ត ហើយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ គឺជាកម្មវិធីអន្តរាគមន៍មួយរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលដែលមានការរីរាលនៃជំងឺកូវីដ-១៩ សម្រាប់គ្រួសារដែលមានបណ្ណសមធម៌ប្រភេទ១ និងប្រភេ២ ព្រមទាំងការគ្រប់គ្រង ការដឹកនាំ និងការសម្របសម្រួលការអនុវត្តកម្មវិធីនិងការប្រើប្រាស់រចនាសម្ព័ន្ធស្ថាប័ន ដែលមានស្រាប់របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដើម្បីធានានិរន្តរភាព និងការលើកកម្ពស់ប្រសិទ្ធភាព នៃការចំណាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោក នាក់ ណេរ៉ុន មានប្រសាសន៍បន្ថែមទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍ចំនួន ០២លើករួចមកហើយ ដើម្បីជួយដល់វិស័យឯកជន និងកម្មករនិយោជិត ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារឥទ្ធិពល នៃជំងឺកូវីដ១៩នេះ ហើយប្រជាជន ដែលស្ថិតនៅក្នុងក្រុមចំណូលទាបជាងគេនឹងប្រឈមមុខនឹងការខ្វះស្បៀង និងការទ្រទ្រង់ជីវភាពក្នុងដំណាក់កាលលំបាកនេះ បើសិនមិនមានអន្តរាគមន៍គ្រប់គ្រាន់ និងទាន់ពេលវេលានោះទេ ដូច្នេះក្នុងឱកាសនេះ សូមសិក្ខាកាមទាំងអស់ ត្រូវកំណត់ឱ្យបាននូវបញ្ហាប្រឈម ដែលបាននឹងកំពុងកើតមានលើប្រព័ន្ធ CTP-WC និងរកវិធីសាស្រ្តដោះស្រាយ , ខិតខំស្វែងយល់អំពិការប្រើប្រាស់មុខងារថ្មីអែបថ្មី ជាពិសេសត្រូវចូលរួមក្នុងវគ្គនេះឱ្យបានពេញលេញ ជៀសវាងនាំឱ្យប៉ះពាល់ដល់សមត្ថភាពជាក់ស្តែងក្នុងការអនុវត្ត ។
សូមបញ្ជាក់ថា តាមរបាយការណ៍របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានបង្ហាញថា នៅក្នុងខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមសហការជាមួយអង្គការ Unicef បានធ្វើការអង្កេតបែបរហ័សមួយទៅលើស្ត្រីមានផ្ទៃពោះ ឬអាណាព្យាបាលក្នុងគ្រួសារក្រីក្រ ដែលជាអ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុ០២ឆ្នាំ ដើម្បីធ្វើការវាយតម្លៃពីផលប៉ះពាល់ នៃឥទ្ធិពលជំងឺកូវីដ-១៩មកលើគ្រួសារក្រីក្រ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner