អ្នកភូមិប្រទះឃើញហ្វូងដំរីព្រៃកំពុងដើរស៊ីចំណីនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

ដោយ៖ម៉ាដេប៉ូ

មណ្ឌលគិរី៖ អ្នកភូមិពូចារនៅខេត្តមណ្ឌលគិរី បានប្រទះឃើញដំរីព្រៃមួយហ្វូង ខណៈពេលដែលពួកគាត់កំពុងប្រមូលអនុផលព្រៃឈើនៅក្នុងភាគខាងត្បូងនៃដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្មីៗកន្លងមក។     

បើយោងតាម ការឱ្យដឹងពីអង្គការអភិរក្សសត្វព្រៃ(WCS)ថាការប្រទះឃើញហ្វូងដំរីនេះកាលពីអំឡុងចុងខែតុលា ខណៈពេលដែល ប្រជាពលរដ្ឋដែលជាអ្នកភូមិរស់នៅតំបន់នោះនាំគ្នាដើរចូលព្រៃ។ភ្លាមៗនោះដែរពួកគាត់បាននាំគ្នាប្រញាប់ប្រញាល់រត់ឡើងលើដើមឈើដើម្បីរកទីសុវត្ថិភាពផ្ទាល់ខ្លួន។

ប្រភពខាងលើនេះបានបញ្ជាក់ថាអ្នកស្រុកម្នាក់ឈ្មោះលោក ពឿន កឿន ជាអ្នកភូមិពូចារស្ថិតក្នុងក្រុមនោះដែរ បានយកទូរស័ព្ទឆ្លាតវៃរបស់គាត់ថតសកម្មភាពសត្វដំរីទាំងនោះ កំពុងស៊ីឬស្សី និងដើរឆ្លងកាត់ក្រោមដើមឈើ ដែលពួកគាត់កំពុងលាក់ខ្លួន។

អ្នកភូមិបានបញ្ជាក់ថាក្នុងចំណោមហ្វូងដំរីនេះគេឃើញ មានដំរីតូចធំយ៉ាងតិច ១៤ក្បាល និងទំនងជាមានសុខភាពល្អ។ តាមធម្មតាហ្វូងដំរីនីមួយៗដឹកនាំដោយដំរីញីដែលចាស់ជាងគេ ហើយក្នុងហ្វូងនោះមានញាតិសណ្តាន ព្រមទាំងកូនចៅរបស់មេហ្វូង។

អង្គការWCS បានឱ្យដឹងថា បើទោះបីជាគេកម្រឃើញសត្វដំរីទាំងនេះក្តី ប៉ុន្តែបើតាមការប៉ាន់ប្រមាណនោះឃើញថា មានដំរីប្រហែល ១០០ក្បាលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយការដែលបានឃើញហ្វូងដំរីដ៏ធំ មានសុខភាពល្អ មានកូនមានចៅច្រើនដូចនេះ គឺជាករណីកម្រណាស់។

ជាមួយគ្នានេះអង្គការ WCS បានឱ្យដឹងដែរថា ដំរីនៅទូទាំងប្រទេសកម្ពុជាកំពុងទទួលរងការគំរាមកំហែងដោយសារការបាត់បង់ទីជម្រករបស់ពួកវា ដែលបណ្តាលមកពីមានការកាប់រានព្រៃខុសច្បាប់យកដីធ្វើកសិកម្មនៅក្នុងតំបន់ការពារធម្មជាតិ។ ក៏ប៉ុន្តែប្រជាសហគមន៍ដែលបានដាំដុះដំណាំលើអតីតតំបន់ដែលជាទីជម្រករបស់ដំរីទាំងនោះ មិនសប្បាយចិត្ត និងរអ៊ូរទាំថា សត្វដំរីទាំងនោះ តែងតែមកស៊ីបំផ្លាញដំណាំរបស់ពួកគាត់ជារឿយៗ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner