ទីបំផុតលោក ចូ បៃដិន ទទួលជ័យជំនះជាផ្លូវការក្នុងរដ្ឋ ភែនស៊ីលវេនៀ និងរដ្ឋ ណេវ៉ាដា
អាមេរិក៖ សារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃពុធនេះថា ទីបំផុតតុលាការកំពូលក្នុងរដ្ឋ ណេវ៉ាដា បានទទួលស្គាល់ជាផ្លូវការថា លោក ចូ បៃដិន ជាអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ ខណៈនៅក្នុងរដ្ឋភែនស៊ីលវេនៀ វិញ លោក បៃដិន ក៏ទទួលបានជោគជ័យផងដែរ ។
ទន្ទឹមនឹងការប្រកាសខាងលើនេះ លោក បៃដិន នឹងទទួលបានអង្គបោះឆ្នោត២០រូបក្នុងរដ្ឋភែនស៊ីលវេនៀ និងអង្គបោះឆ្នោត០៦រូបនៅក្នុងរដ្ឋណេវ៉ាដា ដែលនឹងធ្វើអោយលោកទទួលបានសំឡេងអង្គបោះឆ្នោតលើស២៧០រូប ដែលចាំបាច់ដើម្បីជាប់ឆ្នោតធ្វើជាប្រធានាធិបតីអាមេរិកទី ៤៦ ។
សូមជម្រាបថា ការប្រកាសពីជ័យជំនះខាងលើនេះ បានកើតមានឡើងក្រោយលោក ដូណាល់ ត្រាំ បានប្រាប់ក្រុមមន្ត្រីនៃរដ្ឋបាលចាត់ចែងកិច្ចការទូទៅ (GSA) អោយរៀបចំដំណើរការផ្ទេរអំណាចទៅអោយលោក ចូ បៃដិន ជាផ្លូវការ បន្ទាប់ពីពាក្យបណ្ដឹងជំទាស់លទ្ធផលបោះឆ្នោតរបស់លោក ត្រូវបានតុលាការច្រានចោលជាបន្តបន្ទាប់ ៕


