ទុយនីស៊ីគ្រោងបើកព្រំដែនរបស់ខ្លួនឡើងវិញ ក្រោយប្រកាសពីជោគជ័យលើCOVID-19
ទុយនីស៊ី៖ ទីបំផុតទុយនីស៊ីបានយកឈ្នះលើជំងឺ COVID-19 ហើយ ខណៈនាយករដ្ឋមន្ត្រីប្រទេសនេះ គឺលោក អេលីយេ ហ្វាកហ្វាក បានអរគុណចំពោះប្រជាជាតិទាំងមូល ដែលរួបរួមគ្នាជាធ្លុងមួយ ទើបអាចសម្រេចបានជ័យជម្នះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះដែរ ទុយនីស៊ីក៏ត្រៀមបើកផ្លូវអាកាស និងព្រំដែនគោកឡើងវិញនៅថ្ងៃទី២៧ ខែមិថុនាខាងមុខនេះផងដែរ ខណៈភ្ញៀវទេសចរ និងអ្នកដំណើរមកកាន់ប្រទេសអាហ្វ្រិកខាងជើងមួយនេះទាំងអស់ ត្រូវតែគោរពតាមគោលការណ៍រក្សាសុវត្ថិភាព ។
សូមជម្រាបថា ទុយនីស៊ីស្ថិតនៅលំដាប់ទី១២២ ក្នុងចំណោមប្រទេសដែលមានករណីឆ្លងមេរោគ COVID-19 ច្រើនបំផុតលើពិភពលោក គិតចាប់តាំងពីការរកឃើញករណីឆ្លងដំបូងកាលពីថ្ងៃទី០២ ខែមីនាកន្លងមកនេះ ហើយគិតត្រឹមថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២០ ទុយនីស៊ីមានករណីឆ្លងជំងឺនេះសរុប១.០៩៦ករណី ក្នុងនោះអ្នកជំងឺ៤៩នាក់ស្លាប់ និង៩៩៨នាក់ទៀតជាសះស្បើយឡើងវិញ ៕




