សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន

ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានឲ្យដឹងថា ក្រុមមេធាវីរាជរដ្ឋាភិបាល បច្ចុប្បន្ន មានសមាសភាពចំនួន១១រូប។ ដោយឡែក ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ចាប់តាំងពីបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីជួយដល់ស្ត្រីដែលមានជីវភាពខ្វះខាត និងមិនទទួលបាន លទ្ធភាពការការពារសិទ្ធិតាមផ្លូវច្បាប់នោះ បច្ចុប្បន្ន មានមេធាវី១៣៨រូប និងមានវត្តមាននៅគ្រប់រាជធានី/ខេត្ត។ ឯកឧត្តម គី តិច បន្ថែមថា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានពិគ្រោះនិងជូនយោបល់ ដល់ប្រជាពលរដ្ឋទូទៅ គ្រប់ករណីនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ មានចំនួនសរុប២.៥៥៨ករណី ក្នុងនោះ សំណុំរឿងដែលបានទទួលយកមកការពារជូនស្ត្រីទន់ខ្សោយងាយរងគ្រោះ មានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិ តាមផ្លូវច្បាប់ចំនួន ៧៤ករណី។

ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានបញ្ជាក់ថា គិតមកទល់ពេលនេះ បានចំណាយថវិកាអស់ប្រមាណ ១០ម៉ឺនដុល្លារ រួមមាន៖ ចំណាយលើការរៀបចំកែលម្អ និងទិញសម្ភារៈ សម្រាប់ការបើកការិយាល័យបើកការងារលើក ដំបូងអស់ជាង៣ម៉ឺនដុល្លារ, ចំណាយលើប្រតិបត្តិការការងារ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសចំនួនជាង៦ម៉ឺនដុល្លារ ។ មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក៏បានជួយផ្តល់សម្ភារបរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកា ដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយអគ្គិភ័យ ដោយខ្យល់កន្ត្រាក់ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងស្ត្រីមេម៉ាយ ចាស់ជរា ដែលមានជីវភាពខ្វះខាត និងបានប្រមូលថវិកាពីសមាជិក ជូនរាជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង មេរោគកូវីដ១៩ ។

ក្នុងជំនួបសំណេះសំណាលនេះ ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានរួមគ្នាប្តេជ្ញា ចិត្ត៣ចំណុច នៅចំពោះមុខប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងនោះរួមមាន៖

ទី១.បំពេញការងារ ប្រកបដោយចីរភាព និងតាមការណែនាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី

ទី២.បំពេញតួនាទីភារកិច្ច ឲ្យបានគ្រប់ជ្រុងជ្រោយ ប្រើប្រាស់ចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ឲ្យអស់ពីលទ្ធភាព។

ទី៣.ចូលរួមចំណែកការពារសិទ្ធិស្មើគ្នា ចំពោះមុខច្បាប់ និងចូលរួមនៅក្នុងសកម្មភាព លើកកម្ពស់វិស័យយុត្តិធម៌ជាមួយរាជរដ្ឋាភិបាល ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរកិច្ចខិតខំ ប្រឹងប្រែងទាំងឡាយ ដែលមេធាវីបានចូលរួមចំណែក ទៅលើការការពារសម្រាប់ជនក្រីក្រ ជាពិសេសស្ត្រីក្រីក្រ ដែល គ្មានលទ្ធភាព ក្នុងការទទួលជំនួយផ្នែកច្បាប់។

សម្តេចតេជោ បានបន្ថែមថា មកដល់ពេលនេះ ក្រុមមេធាវីស្ម័គ្រចិត្ត នៅសល់ថវិកា ជាង១លាន៥សែនដុល្លារអាមេរិក ឬស្មើនឹងជាង៦ពាន់លានរៀល ដែលជាថវិកាផ្ទាល់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត។ សម្តេច បានមាន ប្រសាសន៍ថា ត្រង់នេះបញ្ជាក់ឲ្យឃើញថា ក្រុមមេធាវីរបស់យើង មិនបានយកថវិកានេះ ទៅប្រើប្រាស់នោះទេ, គឺបាន សេចក្តីថា បានចំណាយថវិកាផ្ទាល់ខ្លួន ជូនទៅដល់ជនក្រីក្រ ថវិកាដែលយកមកប្រើនេះ គឺរៀបចំកន្លែងធ្វើការ, ប៉ុន្តែ ភាគច្រើនមេធាវីស្ម័គ្រចិត្តរបស់យើង បានធ្វើទាំងកិច្ចការផង បានចេញទាំងថវិកាផ្ទាល់ខ្លួនផង ដើម្បីជួយការពារក្តី ជូន ដល់ជនក្រីក្រ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការអរគុណ និងកោតសរសើរចំពោះអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែល បានធ្វើសកម្មភាព ក្នុងការផ្ដល់មេធាវី ក៏ដូចជាការពិគ្រោះខាងផ្លូវច្បាប់ សម្រាប់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។ ជាមួយនេះ សម្តេច ក៏បានបបញ្ជាក់ដែរថា មានអង្គការមួយចំនួន និងមេធាវីខ្លះ ក៏ឆ្លៀតឱកាសរុញឱ្យមានបាតុកម្មផ្ទុះ ឡើង មិនមែនយើងជារដ្ឋាភិបាលមិនដឹងរឿងនោះទេ, យើងលើកទឹកចិត្តឱ្យផ្ដល់ជំនួយផ្លូវច្បាប់ ឬការពារក្តី ជូនជនក្រីក្រ តែយើងមិនលើកទឹកចិត្ត ឱ្យអ្នកធ្វើសកម្មភាពញុះញុង ដើម្បីរុញឲ្យធ្វើបាតុកម្មនោះទេ។ សម្តេចតេជោ បានបន្ថែមថា ខ្ញុំគាំទ្រណាស់ ខ្ញុំលើកទឹកចិត្តឱ្យអង្គការក្រៅរដ្ឋាភិបាល ដែលបានទទួលជំនួយពីបរទេស ជួយសេវាផ្លូវច្បាប់ និង ការពារចំពោះជនក្រីក្រ តែខ្ញុំក៏មិនលើកទឹកចិត្ត ឲ្យឆ្លៀតធ្វើសកម្មភាពជំរុញបង្កើតឲ្យមានបាតុកម្ម ខ្លះរុញពីកំពង់សោម រុញពីកោះកុង រុញពីក្រចេះ ។ សម្តេច បញ្ជាក់ទៀតថា មានក្រុមមេធាវី នៃអង្គការក្រៅរដ្ឋាភិបាលខ្លះ មានចំណុចអវិជ្ជ មាន មិនមែនរាជរដ្ឋាភិបាលមិនដឹងនោះទេ តែរាជរដ្ឋាភិបាលមិនដែលបាននិយាយ។ សម្តេច ក៏បានផ្ញើសារអរគុណ តែសម្តេច គ្រាន់តែបង្ហាញការមិនសប្បាយចិត្ត, បើយើងតម្រូវឲ្យធ្វើតាមផ្លូវច្បាប់ គឺដំណើរការតាមផ្លូវច្បាប់ ជាជាងការ រុញពលរដ្ឋឲ្យមកធ្វើសកម្មភាពបែបនេះ ។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំឲ្យក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែនទាំងអស់ ខិតខំដោះស្រាយជម្លោះ បើអាចធ្វើទៅបាន សូមសម្របសម្រួល នៅក្រៅប្រព័ន្ធតុលាការ។ សម្តេច បានផ្ដាំថា មេធាវីរបស់យើងខិតខំដំបូង ទៅលើរឿងកន្លងទៅ យើងបានធ្វើមួយចំនួន បើសិនជាមេធាវីរបស់ យើងខិតខំដោះស្រាយ សម្របសម្រួលក្រៅប្រព័ន្ធតុលាការ គឺវាល្អណាស់, ដោយក្នុងរយៈពេលប៉ុន្មានខែនេះ ទីប្រឹក្សា របស់ខ្ញុំ ជំនួយការរបស់ខ្ញុំ បានដោះស្រាយជម្លោះខ្លះរ៉ាំរ៉ៃ១០ឆ្នាំ ២០ឆ្នាំ ដោះស្រាយចេញ តាមរយៈការសម្របសម្រួល ក្រៅប្រព័ន្ធតុលាការ ។
ទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថា ជោគជ័យនៅក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ មិនអាស្រ័យទៅលើប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ឬប្រទេសដែលមានប្រព័ន្ធសុខា ភិបាលខ្លាំងក្លានោះទេ ប៉ុន្តែសំខាន់បំផុតលើការចាត់ចែង និងគ្រប់គ្រងសភាពការណ៍ឱ្យបានល្អ និងច្បាស់លាស់។ សម្តេចថា៖ បញ្ហាបច្ចុប្បន្នត្រូវមើលឱ្យឃើញ មិនប្រាកដថា ប្រទេសដែលមានវេជ្ជសាស្រ្តជឿនលឿន អាចទប់ស្កាត់ បាននោះទេ ជាក់ស្តែងឥឡូវ ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ វិស័យសុខាភិបាលរឹងមាំ ប៉ុន្តែការស្លាប់គរជើងគ្នា រកកន្លែងកប់ស្ទើរតែមិនបាន ឆ្លងរាប់ម៉ឺននាក់ក្នុង១ថ្ងៃៗ ដូច្នេះភាសាដែលគេនិយាយថា សុខាភិបាលប្រទេសនេះទន់ ខ្សោយ ប្រទេសនេះរឹងមាំ មិនទាន់ប្រាកដទេ បញ្ហាប្រាកដគឺស្ថិតនៅត្រង់វិធីចាត់ចែង គ្រប់គ្រងសភាពការណ៍បានយ៉ាង ដូចម្តេច ។ សហរដ្ឋអាមេរិក ដែលអះអាងថាខ្លួនជាមហាអំណាចពិភពលោក មានករណីឆ្លង COVID-19 រហូតដល់ទៅ ១៧៥,០៤៧ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ២,១៨៧នាក់ទៀតស្លាប់ ។ ករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង ១២,៩៥៥,០០០ករណី ក្នុងនោះអ្នកស្លាប់សរុប មាន ២៦៥,៨៩១នាក់ និងជាសះស្បើយឡើងវិញចំនួន ៧,៦៣៦,៦៨៤នាក់។ ដោយឡែក ប្រទេសជាច្រើននៅអឺរ៉ុប ក៏កំពុងតែរងគ្រោះដោយជំងឺកូវីដ១៩ កាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ប្រទេសបារាំង ត្រូវបានរកឃើញ កូវីដ១៩ ជាង២លានករណី និងស្លាប់ជាង៥ម៉ឺននាក់, ប្រទេសអេស្ប៉ាញ រកឃើញជាង១.៦លានករណី ស្លាប់ជាង៤ម៉ឺន នាក់, អង់គ្លេសរកឃើញ១.៥លានករណី និងស្លាប់ជាង៥ម៉ឺននាក់, អ៉ីតាលីរកឃើញជាង១.៥លានករណី ស្លាប់ជាង ៥ម៉ឺននាក់ និងអាល្លឺម៉ង់រកឃើញជិត១លានករណី និងស្លាប់ជាង១.៤ម៉ឺននាក់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ករណីរីករាលដាលច្រើនបែបនេះ ដោយសារតែមានការ ធ្វេសប្រហែសលើការចាត់ចែងរបស់រដ្ឋាភិបាល ហើុយប្រជាជននៃប្រទេសទាំងនោះមិនព្រមសហការ ដែលបានកើត ឡើងនូវបញ្ហាកាន់តែធំ។ សម្តេចបានបន្តថា ប្រទេសនៅអឺរ៉ុបមួយចំនួន ប្រជាជនកំពុងធ្វើបាតុកម្មប្រឆាំងទៅនឹងការបិទ ប្រទេសបិទតំបន់ ដែលនាំមកនូវផលវិបាក សម្រាប់រដ្ឋាភិបាលប្រទេសទាំងនោះ ដោយសារតែប្រជាជនមិនព្រមស្តាប់។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា សម្តេចមានមោទនភាពចំពោះប្រជាជនកម្ពុជា ដែលចេះការពារខ្លួន ហើយចូលរួមសាមគ្គីជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ កន្លងមក ដែលធ្វើឱ្យស្ថានភាពកូវីដ១៩ នៅ ក្នុងប្រទេសកម្ពុជា មានលក្ខណៈល្អប្រសើរឡើង និងមានអ្នកឆ្លងតិចបំផុត ខណៈដែលស្ទើរតែទាំងស្រុង ត្រូវបាន ព្យាបាលជាសះស្បើយ។ ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុង ប្រយ័ត្ន និងការពារខ្លួន ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានច្រានចោលចំពោះករណីដែលមានសាធារណជនមួយចំនួន លើកឡើងថា ពលរដ្ឋខ្មែរជាអំបូរខ្មែរអង្គរ ដែលមានឈាមក្រហម អាចប្រឆាំងនឹងកូវីដ១៩បាន និងអ្នកខ្លះទៀតថា មក ពីអាកាសធាតុក្តៅ អាចសម្លាប់មេរោគកូវីដ១៩ បាន។ សម្តេចបានបញ្ជាក់ថា មិនមែនមកពីយើងជាខ្មែរអង្គរដែលមាន ឈាមក្រហម អាចប្រឆាំងនឹងវីរុសកូវីដ១៩បាននោះទេ ឬក៏មកពីកត្តាធាតុអាកាស (អ្នកខ្លះអះអាងបែបនេះ) បានខ្ញុំ បើកវង់ក្រចកបន្តិចថា អ្នកដែលអះអាងថា យើងជាឈាមជ័រខ្មែរអង្គរ ឈាមក្រហម អាចទប់ទល់ជាមួយកូវីដបាន អញ្ចឹង សូមស្ម័គ្រចិត្តទៅបម្រើអ្នកកើតជំងឺកូវីដទៅ ហើយមិនបាច់ការពារទេ ដើម្បីដឹងថាឆ្លង ឬមិនឆ្លង ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវក្តីរំពឹកទុកថា សេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះឡើងវិញ នៅឆ្នាំ២០២១ខាងមុខ ខណៈឆ្នាំ២០២០នេះ សេដ្ឋកិច្ចរបស់កម្ពុជាធ្លាក់ចុះ ដល់ចំណុចអវិជ្ជមាន ដោយសារវិបត្តិកូវិដ១៩។សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ទោះបីនៅឆ្នាំ២០២០នេះ សេដ្ឋកិច្ចរបស់កម្ពុជាអវិជ្ជមាន ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ក៏ប៉ុន្តែទំហំនៃការនាំចេញរបស់កម្ពុជា បានកើនឡើងចំនួន១៨ភារគយ។

ឆ្នាំនេះបើជាចំណូលមានការបាត់បង់ ក៏ប៉ុន្តែមកដល់ពេលនេះ ចំណូលដែលយើងទទួលបាន គឺមានប្រមាណជាង ៤ ៥០០លានដុល្លាររួចស្រេចទៅហើយ ក្នុងនោះចំណូលបានមកពីពន្ធដារប្រមាណ ២ ៥០០លានដុល្លារ ចំណែកបានមកពីគយបានប្រមាណ ២ ១០០លានដុល្លារ។ អីចឹងវាអាចទៅគៀកនឹង ៥ ០០០លានដុល្លារនៅក្នុងឆ្នាំនេះ ឯសាច់ប្រាក់ដែលយើងសន្សំ បានយកទៅចំណាយក្នុងចំនួនតិចតួច ឥឡូវបន្តឲ្យយើងនៅសល់ក្នុងដៃ ប្រមាណ៣ពាន់លានដុល្លារ»។

ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងសូមការយោគយល់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឆ្នាំ២០២១ រាជរដ្ឋាភិបាលមិនអាចដំឡើងប្រាក់បៀវត្សជូនបានទេ ដោយរក្សាទុកនូវអត្រាដដែល ដូចឆ្នាំ២០២០។ ប៉ុន្តែឆ្នាំ២០២១ រាជរដ្ឋាភិបាលការរក្សាការដំឡើងប្រាក់ចូលនិវត្តន៍ សម្រាប់អតីតយុទ្ធជន និងអ្នកចូលនិវត្តន៍មុនៗ ដើម្បីឱ្យកាំប្រាក់ចូលនិវត្តន៍នេះ ប្រហាក់ប្រហែលអ្នកទើបចូលនិវត្តន៍ ។

សម្តេចតេជោ ហ៊ន សែន បាននិយាយដោយទំនងជាសំដៅទៅកាន់ លោក សម រង្ស៉ី យ៉ាងដូច្នេះថា៖ «ខ្ញុំធ្វើមិនបាន អញ្ចឹងត្រូវហើយ “មានសែនអត់ស៊ី មានស៊ីអត់សែន” តាំងពីឆ្នាំ២០០៣ ១៧ឆ្នាំហើយ មានតែអញ្ចឹង»។ សម្តេចបានបន្តថា៖ អញ្ចឹងអានយោបាយ ឈ្នះឈ្នះ វាទាល់តែចង់ឈ្នះទាំងអស់គ្នា បើរបៀបប្រុងប្រៀបសម្លាប់មួយ អត់បានទេ កុំលេងវើយ អញមិនព្រមទេ សូមផ្តាំទុកឱ្យហើយ ហ្អែងត្រូវចាំ បើដាក់គោលដៅបង្រួបបង្រួមខ្មែរ “អូខេ” បើដាក់គោលដៅ “កម្ចាត់ត្រកូលហ៊ុន” សូមផ្តាំទៅ ទោះបីរលាយផែនដី ក៏ហ៊ុន សែន នៅតែតស៊ូ សូមផ្តាំឱ្យហើយ ឥឡូវមិនមែនវ៉ៃត្រឹមហ៊ុន សែន ទេ វ៉ៃត្រកូលហ៊ុន។ សម្តេចបានបញ្ជាក់ទៀតថា៖ អញ្ចឹងបើអ្នកឯងប្រុងប្រៀបប្រហារខ្ញុំ រឿងអីដែលខ្ញុំទុកឱ្យអ្នកឯងប្រហារ ខ្ញុំត្រូវតែប្រហារអ្នកឯង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ ខ្ញុំសម្របសម្រួលអស់ប៉ុណ្ណឹងហើយ ខ្ញុំគ្មានពេលសម្របសម្រួលជាមួយអ្នកណាទៀតទេ ដំណើរការផ្លូវច្បាប់ត្រូវតែធ្វើតាមច្បាប់ ផុតពីរឿងច្បាប់ហើយចាំសម្របសម្រួលគ្នាខាងនយោបាយ អត់មានសម្រួលគ្នាខាងនយោបាយមុនសម្រួលគ្នាខាងផ្លូវច្បាប់ទេ សូមជូនសារនេះទុកឱ្យហើយ។

សម្តេចបានបន្ថែមថា ដំណើរការផ្លូវច្បាប់នៅតែបន្ត អ្នកឯងត្រូវជាប់គុក ត្រូវជាប់គុកឱ្យហើយចាំមកនិយាយគ្នាខាងនយោបាយ អ្នកមិនទាន់កាត់ក្តីគឺត្រូវតែកាត់ក្តីឲ្យហើយចាំនិយាយគ្នាខាងនយោបាយ។

ក្រៅពីផ្ញើសារទៅកាន់ក្រុមអ្នកនយោបាយប្រឆាំង សម្តេចតេជោ ហ៊ុន សែន ក៏ចង់ប្រាប់ទៅអន្តរជាតិ និងសាធារណជនទូទៅដែរថា «ខ្មែរអត់មានជម្លោះទេ មានតែអ្នកដែលមានជម្លោះជាមួយផ្លូវច្បាប់តែប៉ុណ្ណោះ»។ សម្តេចបញ្ជាក់ទៀតថា កម្ពុជាអត់មានទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌតែប៉ុណ្ណោះ។ សម្តេចថ្លែងថា ពេលនេះ គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសលើកទី២ទេ ហើយក៏គ្មានការលើកលែងទោសលើកទី៣ ទី៤ និងទី៥ ដែរ ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពឲ្យមានលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវ សម្រាប់កំណត់ពីតួនាទី និងភារកិច្ចរបស់ក្រុមមេធាវីរាជរដ្ឋាភិបាល។ សម្តេចថា៖ អញ្ចឹងសម្រាប់សំណើរបស់ឯកឧត្តម គី តិច គឺពាក់ព័ន្ធនឹងការរៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់កំណត់តួនាទី និងភារកិច្ចរបស់ក្រុមមេធាវីរបស់រាជរដ្ឋាភិបាល គឺឯកភាព។ ហើយក្នុងហ្នឹងកំណត់អំពីថវិកា ប្រើប្រាស់ថវិការដ្ឋ ដោយស្ថិតក្នុងកញ្ចប់របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ តាមយោបល់ខ្ញុំ ធ្វើត្រឹមតែអនុក្រឹត្យគ្រប់គ្រាន់ហើយ ប៉ុន្តែការតែងតាំង គឺតែងតាំងដោយព្រះរាជក្រឹត្យ ឯណោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ថវិកាសម្រាប់ដំណើរការរបស់មេធាវីរាជរដ្ឋាភិបាល គឺប្រើថវិកាជាតិ ក្រោមទីស្តីការគណៈរដ្ឋមន្ត្រី។ លើសពីនេះ សម្តេចបានថ្លែងកោតសរសើរចំពោះមេធាវីរបស់រាជរដ្ឋាភិបាល ដែលខិតខំបំពេញការងារបានយ៉ាងល្អផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner