អតីតឃ្លាំងលក់ និងជួសជុលរថយន្តដ៏ធំមួយកន្លែង ក្នុងខណ្ឌ៧មករា ត្រូវអគ្គិភ័យឆាបឆេះ

ភ្នំពេញ ៖ អតីតឃ្លាំងលក់ និងជួសជុលរថយន្តដ៏ធំមួយកន្លែងនៅជាប់ផ្លូវលេខ១០៥ ក្នុងភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ នៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅរស់នៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះខាងលេីនេះគឺជា ឃ្លាំងលក់ និងជួសជុលរថយន្ត ត្រូវបានគេទុកចោលជាយូរមកហេីយ ដោយនៅសម្ភារៈសេសសល់ចាស់ៗ ពុំសូវមានតម្លៃតែប៉ុណ្ណោះ ចំណែកប្រព័ន្ធភ្លេីងក៏នៅមានប្រេីធម្មតាផងដែរ ។ ប្រភពដដែលបានឲ្យដឹងទៀតថា នៅយប់កេីតហេតុគេសង្កេតឃេីញមានផ្សេងហុយតិចតួចចេញពីក្នុងឃ្លាំង និងនឹកស្មានថាគេដុតសម្រាម តែមួយសន្ទុះធំក៏មានផ្សេងហុយកាន់តែខ្លាំង ធ្វេីឲ្យប្រជាពលរដ្ឋចូលទៅមេីលស្រាប់តែឃេីញមានអណ្ដាតភ្លេីងឆេះឡេីងជាយ៉ាងសន្ធោសន្ធៅ រួចក៏ទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្ដង ។

ក្រោយពីទទួលបានព័ត៌មានខាងលេី ភ្លាម មន្ត្រីសាលាខណ្ឌ៧មករា បានចេញរថយន្តពន្លត់អគ្គិភ័យ១គ្រឿង និងកម្លាំងជំនាញបង្ក ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ដោយមានកម្លាំងចម្រុះជាច្រេីននាក់បានសហការគ្នាយ៉ាងយកចិត្តទុកដាក់ជួយបាញ់ពន្លត់អគ្គិភ័យខាងលេីនេះឲ្យរលត់ទៅវិញជាស្ថាពរ ត្រឹមរយៈពេលកន្លះម៉ោង និងប្រេីប្រាស់ឡានទឹកអស់ចំនួន៣គ្រឿង ។

ចំពោះមូលហេតុ ដែលបង្កឲ្យមានអគ្គិភ័យនេះកេីតឡេីងគឺ សមត្ថកិច្ចសន្និដ្ឋានថា អាចមកពីឆ្លងចរន្តអគ្គិសនី ព្រោះប្រព័ន្ធភ្លេីងបាននៅច្របួកច្របល់ជាមួយ និងសម្ភារ:ចាស់ងាយឆ្លងឲ្យឆេះ ។ ហេីយក្នុងករណីនេះមិនបានរាលដាលដល់ផ្ទះប្រជាពលរដ្ឋរស់នៅជិតខាងនោះទេ នឹងមិនបង្កឲ្យនរណាម្នាក់រងរបួសនោះដែរ ៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner