រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បដិវត្តឧស្សាហកម្ម 4.0 នឹងជំរុញការធ្វើពាណិជ្ជកម្មកាន់តែមានឧត្តមភាព

ភ្នំពេញ ៖ ស្ថិតនៅក្នុងបរិបទបដិវត្តឧស្សាហកម្ម 4.0 បច្ចេកវិទ្យាឌីជីថលគឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសពាណិជ្ជកម្ម លើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានរៀបចំដោយក្រសួងពាណិជ្ជកម្ម ដើម្បីជាផែនទីបង្ហាញផ្លូវដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងក្របខ័ណ្ឌរួមមួយ ដោយវិស័យនេះ ជាវិស័យថ្មីទើបនឹងលេចឡើង ប៉ុន្តែជាវិស័យប្រកបដោយសក្តានុពលខ្ពស់ក្នុងការបង្កើត ប្រភពកំណើនថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជា។

រូបភាព ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា នៅក្នុងបរិបថនេះ ត្រូវតែរៀបចំខ្លួន សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹង បដិវត្តឧស្សាហកម្ម4.0ក្នុងមុំទី3 ចតុកោណទី2 នៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី4។

ឯកឧត្តមបញ្ជាក់ថា យុទ្ធសាស្រ្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក បានរៀបចំឡើងក្នុងពេលវេលាដ៏ត្រឹមត្រូវមួយ ស្របពេល ដែលកម្ពុជាមានច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលត្រូវបាន ប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី02ខែវិច្ឆិកា ឆ្នាំ2019 កន្លងទៅ។

ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក បម្រើជាមូលដ្ឋានគតិយុត្តិដ៏មានសារៈសំខាន់ ដល់ការអភិវឌ្ឍ វិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេស ការពារផលប្រយោជន៍ និងកសាងទំនុកចិត្តខ្ពស់ដល់ អ្នកប្រើប្រាស់ក្នុងវិស័យវិស័យពាណិជ្ជកម្ម ក៏ដូចជាទាក់ទាញ វិយោគិនទាំងក្នុង និងក្រៅប្រទេស ដើម្បីវិនិយោគក្នុងវិស័យនេះនៅកម្ពុជា។

បច្ចុប្បន្ន នៅក្នុងតំបន់ និងពិភពលោក វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានក្លាយជាប្រធានបទសំខាន់ដែលថ្នាក់ដឹកនាំរបស់ប្រទេសនានា លើកយកមកពិភាក្សា។ ជាក់ស្ដែង កម្ពុជាបានចុះហត្ថលេខា និងអនុម័តយល់ព្រមលើ1- កិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (ASEAN E-Com merce)2-កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា(RCEP) ដែលបានចុះហត្ថលេខាហើយ កាលពីថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2020 និង 3-ជាជំពូកដ៏សំខាន់មួយនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី12 ខែតុលា ឆ្នាំ2020។

យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទាំងអស់មាន 10ជំពូកដូចជា៖1-យុទ្ធសាស្ត្រ/គោលនយោបាយ និងផ្នែកសម្របសម្រួលស្ថាប័ន2- ក្របខ័ណ្ឌច្បាប់ និងបទបញ្ញត្តិ3- បទបញ្ញត្តិសម្រាប់សហគ្រាសធុនតូច និងមធ្យម4- ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍5- ហេដ្ឋារចនាសម្ព័ន្ធជំនាញ ឌីជីថល 6- ប្រព័ន្ធទូទាត់7- ភ័ស្តុភារកម្មពាណិជ្ជកម្មក្នុងស្រុក 8- ពាណិជ្ជកម្មឆ្លង កាត់ព្រំដែន 9- ការទទួលបានហិរញ្ញប្បទាន និង10 ព័ត៌មានពាណិជ្ជកម្ម និងការគាំទ្រទីផ្សារ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner