ប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្ម ជំរុញអោយឲ្យសមាគមរាជធានីខេត្ក កីឡាអត្តពលកម្មបន្តការខិតខំ ដើម្បីឲ្យគុណផលកីឡាករ កីឡាការិនីឈានចូលស្តង់ដារ ស៊ីហ្គេម

ប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្ម ឯកឧត្តម អ៊ុក សិទ្ធិជាតិ លើកបានសរសើរពីគុណផលកីឡា របស់កីឡាករ កីឡាការិនី ដែលចូលរួមប្រកួតកីឡាអត្តពលកម្មជ្រើសរើស ជើងឯកថ្នាក់ ជាតិ ប្រចាំឆ្នាំ២០២០ មានកម្រិតបច្ចេកទេសខ្ពស់ល្អជាងការប្រកួតជើងឯកថ្នាក់ជាតិ ២០១៩ ប៉ុន្តែគុណផល របស់កីឡាករ កីឡាការិនី មិនទាន់ឈានដល់គុណផលស៊ីហ្គេម នៅឡើយទេ ។ នេះជាការលើក ឡើងរបស់ ឯកឧត្តម នៅក្នុងឱកាសបិទការប្រកួតកីឡាអត្តពលកម្មជើងឯកថ្នាក់ជាតិ ២០២០ ល្ងាចថ្ងៃទី២៧ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។


ឯកឧត្តម ប្រធានសហព័ន្ធ បានលើកឡើងទៀតថា បើប្រៀបធៀបទៅលើគុណផលកីឡារបស់កីឡាករ កីឡាការិនី ដែលប្រកួតជើងឯកឆ្នាំ២០២០នេះ មានកម្រិតខ្ពស់ល្អជាងកាលពីឆ្នាំ២០១៩ កន្លងទៅ ប៉ុន្តែបើពិនិត្យ លើគុណផល ប្រៀបធៀបនឹងការប្រកួតស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន កន្លងមកនោះ គឺយើងមិនទាន់ឈានទៅដល់កម្រិតគុណផល ស៊ីហ្គេម នៅឡើយទេ ។ ដូច្នេះហើយ ក្នុងនាមគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ឯកឧត្តមសំណូមពរដល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ សមាគម-ក្លឹបរាជធានីខេត្ត បន្តកិច្ចខិតខំបន្ថែមទៀត ដើម្បីចូលរួមប្រកួតប្រជែងមេដាយច្រើនជូនជាតិមាតុភូមិ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តាមសន្ទស្សន៍មេដាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលដាក់ឲ្យសហព័ន្ធកីឡាជាតិនានា ។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុក សិទ្ធិជាតិ ដែលជាអគ្គលេខាធិការរង CAMSOC ដែរនោះ ក៏បានលើកឡើងនូវការអភិវឌ្ឍលើគ្រប់វិស័យ ហើយក្នុងនោះវិស័យកីឡាក៏ត្រូវបានលើកកម្ពស់ឲ្យរីកចម្រើនដូចគ្នាផងដែរ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្កើត CAMSOC ដើម្បីត្រៀមលក្ខណៈឲ្យបានល្អប្រសើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។

ការទទួលរៀបចំ ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងអំឡុងខែឧសភា គឺកម្ពុជានៅសល់ពេលមិនច្រើនទេ ពោលគឺនៅសល់ពេលប្រមាណ ៨៩០ថ្ងៃប៉ុណ្ណោះ ក្នុងការហាត់ហ្វឹកហ្វឺនឲ្យមានសិទ្ធផលខ្ពស់ ដើម្បីប្រកួតប្រជែងមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះ ។ អ្វីដែលសហព័ន្ធត្រូវធ្វើ គឺការទទួលនូវបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ គឺការបណ្តុះបណ្តាលកីឡាករ កីឡាការិនី ការបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស ដើម្បីបម្រើដល់ការកាត់សេចក្តីការប្រកួត ក្នុងពេលស៊ីហ្គេម ២០២៣ ដែលកិច្ចការទាំងអស់នេះ សហព័ន្ធកំពុងធ្វើជាបណ្តើរៗ ដោយផ្អែកតាមកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា និងផែនការសកម្មភាពរបស់សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ។ ឯកឧត្តមសង្កត់ធ្ងន់ថា នៅក្នុងកំណែទម្រង់នេះ មាន៤ចំណុចសំខាន់ៗ គឺការកែលម្អជួសជុលហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត, ការបណ្តុះបណ្តាលធនធានមនុស្ស, កំណែទម្រង់ការប្រកួត និងពង្រឹងសហព័ន្ធកីឡាជាតិ ដែលក្នុងនោះការកែទម្រង់ការប្រកួត ដោយការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះ គឺជាការប្រកួតមួយក្នុងកម្រិតខ្ពស់បំផុត ។ សម្រាប់វិញ្ញាសាអត្តពលកម្ម ក្នុងស៊ីហ្គេម ត្រូវមាន៤៧វិញ្ញាសា ហើយបច្ចុប្បន្ន កម្ពុជាបានត្រៀម២៤វិញ្ញាសា គឺប្រមាណ៥០%ហើយ ហើយនៅសល់ពេល២ឆ្នាំទៀតយើងត្រូវតែពង្រីកធ្វើយ៉ាងណា ឲ្យត្រូវតាមស្តង់ដារអន្តរជាតិ ។


ជាមួយគ្នានោះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់សមាគមក្លឹបរាជធានីខេត្ត និងក្រសួងចំនួនពីរ ក៏ដូចជានាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ជាមួយសហព័ន្ធដែលបានធ្វើឲ្យដំណើរការប្រកួតរយៈពេល៣ថ្ងៃនេះ មានភាពរលូន និងជោគជ័យតាមការគ្រោងទុកនាពេលនេះ ។ ឯកឧត្តមប្រធានសហព័ន្ធក៏បានបង្ហាញនូវការកោតសរសើរចំពោះប្រតិភូ កីឡាករ កីឡាការិនីទាំងអស់ ដែលចូលរួមការប្រកួតគោរពបាននូវបទបញ្ជាបច្ចេកទេស ម្យ៉ាងទៀត មន្ត្រីបច្ចេកទេស ដែលទទួលបានការបណ្តុះបណ្តាលនោះ ក៏ត្រូវបានឯកឧត្តមលើកទឹកចិត្តអំពីការផ្តល់ភាពយុត្តិធម៌ សម្រាប់ការប្រកួត មានតម្លាភាពប្រកបដោយវិជ្ជាជីវៈ ។


សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួតអសរយៈពេល៣ថ្ងៃកន្លងមកនេះ គណៈកម្មការបច្ចេកទេសសម្រិតសម្រាំង បានម្ចាស់ជ័យលាភី ដោយក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ មេដាយសរុប១៦គ្រឿង ក្នុងនោះ មេដាយមាស១១គ្រឿង និងមេដាយប្រាក់៥គ្រឿង, ចំណាត់ថ្នាក់លេខ២ ក្រសួងមហាផ្ទៃ មេដាយ សរុប ១២គ្រឿង មាស៥ ប្រាក់២ និងសំរឹទ្ធ៥ និងលេខ៣ ខេត្តព្រៃវែង មេដាយសរុប៦គ្រឿង ។ លេខ៤ ខេត្តកំពង់ធំ មេដាយសរុប៦គ្រឿង ខណៈ ខេត្តកណ្តាល លេខ៥ និងខេត្តពោធិ៍សាត់ឈរលេខ៦ ឈ្នះ មេដាយ មាស ១គ្រឿង ។ ចំណែកឯ៦ខេត្តទៀតដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ ប៉ុណ្ណោះ និងខេត្តខ្លះទៀតមិនបាន មេដាយ សោះ ។ ការប្រកួតជើងឯកថ្នាក់ជាតិនេះ បានប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាប្រចាំឆ្នាំ ដោយមានកីឡាករ កីឡាការិនីអត្តពលកម្មចូលរួមប្រកួតប្រជែងមេដាយសរុបចំនួន២០៥នាក់ (ស្រី៧៥នាក់) មកពី១៦រាជធានី-ខេត្ត និងក្រសួងចំនួនពីរ គឺក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។ ចំនួននេះបានកើនជាង ឆ្នាំ២០១៩កន្លងទៅ ដែលមានត្រឹមតែចំនួន១២៤នាក់មកពី១២រាជធានី-ខេត្ត និងពីរក្រសួង ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner