សម្ដេចតេជោ ហ៊ុន សែន សម្រេចបញ្ចេញសាច់ប្រាក់ជាង ១០០០ លានរៀល ទៅរាជធានី-ខេត្ត នៅទូទាំងប្រទេស សម្រាប់ជួយដល់គ្រួសារក្រីក្រ ដែលត្រូវធ្វើចត្តាឡីស័ក
ភ្នំពេញ៖ នៅលើផេកផ្លូវការ នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចេញសាច់ប្រាក់ជាង ១០០០ លានរៀល ទៅរាជធានី-ខេត្តនៅទូទាំងប្រទេស សម្រាប់ជួយដល់គ្រួសារក្រីក្រនដែលត្រូវធ្វើចត្តាឡីស័ក នៅក្នុងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ។
នៅលើផេកផ្លូវការ សម្ដេចតេជោបានសរសេរថា “បង ប្អូនជនរួមជាតិ ព្រឹកម៉ិញនេះខ្ញុំសម្រេចឱ្យបញ្ចេញសាច់ប្រាក់ជាង១០០០លានរៀល ជូនទៅរាជធានី ខេត្តនៅទូទាំងប្រទេសសម្រាប់ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើចត្តាឡីស័ក ដែលគ្រួសារនីមួយៗ នឹងទទួលបាន២ម៉ឺនរៀលក្នុងមួយថ្ងៃ ដែលមានរយៈពេល១៥ថ្ងៃ ដែលថវិកាសរុបទទួលបាន៣០ម៉ឺនរៀលក្នុងមួយគ្រួសារ”។
សម្ដេចតេជោបានគូសបញ្ជាក់ថា សូមកុំមានការ ភ័ន្តច្រឡំថា សម្ដេចតម្រូវឱ្យធ្វើចត្តាឡីសក័១៥ថ្ងៃ។ ការធ្វើចត្តាឡីស័ក ត្រឹម តែ១៤ថ្ងៃ ប៉ុណ្ណោះ តែសម្ដេចផ្តល់ជូនថវិកាសម្រាប់១៥ថ្ងៃ ក្នុងបំណងជួយដល់ប្រជា ពលរដ្ឋក្រីក្រតែប៉ុណ្ណោះ។ សម្ដេច តេជោក៏បានជូនពរបងប្អូនជនរួមជាតិឃ្លាតចាកឆ្ងាយពីកូវីដ-១៩នេះ៕

