ដំរីអាស៊ីដ៏កម្រពីប៉ាគីស្ថានបានបញ្ជូន តាមយន្តហោះ ពិសេសមកដល់កម្ពុជាថ្ងៃនេះហើយ
សៀមរាប៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានថ្លែងថាដំរីអាស៊ីឈ្មោះ «ខាវ៉ាន់» Kaavan ដែលជាដំរីដ៏កម្រនិងជិតផុតពូជ បានត្រូវគេដឹកតាមយន្តហោះពិសេសមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរ នៃប្រទេស កម្ពុជាហើយ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
នៅក្នុងពិធីទទួលដំរី ខាវ៉ាន់ នាអាកាសយានដ្ឋានអន្តរជាតិសៀមរាបកាលពីរសៀលថ្ងៃទី៣០ខែវិច្ឆិកាគេឃើញមានវត្តមានឯកឧត្តមនេត្រភក្រ្តា មន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថាន,រដ្ឋបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ និងមន្ត្រីជំនាញផ្សេងទៀត និងតំណាងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា ដែលជាអ្នកទទួលដំរីខាវ៉ាន់ យកទៅថែរក្សា និងការពារ។
ក្រោយពីទទួលបានការប្រោះព្រំពីព្រះសង្ឃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប សត្វដំរីខាវ៉ាន់ ត្រូវបាននាំយកទៅកាន់ជម្រកថ្មីដែលមានទំហំដី ៤.៣៥០ហិកតា នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា បានទទួលការអនុញ្ញាតក្រសួងបរិស្ថានធ្វើការការពារនិងអភិរក្ស។ នៅក្នុងតំបន់នោះ មានសត្វដំរីស្រុកញីចំនួន ៣ ក្បាលដែលបានយកមកពីខេត្តមណ្ឌលគិរី។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ថា ដំរីខាវ៉ាន់ជាដំរីឈ្មោល មានអាយុ៣៥ឆ្នាំ ត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថាន តាមរយៈការតស៊ូ ផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូលរបស់ប៉ាគីស្ថាន បានសម្រេចឱ្យដំរី ខាវ៉ាន់ ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍ដំរីខាវ៉ាន់។ ពីអំណេះតទៅ ដំរីខាវ៉ាន់នឹងលែងរស់នៅក្នុងភាពឯកោទៀតហើយ។ សត្វដំរីខាវ៉ាន់នេះនឹងត្រូវរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្រោមការយកចិត្តទុកដាក់ថែរក្សាការពារខ្ពស់របស់ក្រសួងបរិស្ថាន និងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS)។
