ក្រសួងអប់រំ៖ការប្រឡងឌីប្លូមថ្ងៃទី១រលូនល្អនិងមានសិស្សអវត្តមានតិចតួច

ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ក្នុងការដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម នាថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២០នេះបានប្រព្រឹត្តិទៅដោយរលូន តាមការគ្រោងទុកនៅគ្រឹះស្ថានសិក្សាទូទាំង២៥ខេត្ត-រាជធានី ហើយក្នុងនេះគេឃើញថាសិស្សអវត្តមាននោះមានចំនួនតិចតួចទេ។នេះជាការឱ្យដឹងពីសំណាក់ ឯកឧត្តម រស់ សុវាចា មន្រ្តីនាំពាក្យក្រសួងអប់រំយុវជននិងកីឡា។
ថ្លែងប្រាប់ AMS ឯកឧត្តម រស់ សុវាចា បានបញ្ជាក់ប្រាប់ថា ជារួម ក្រសួងអប់រំ យុវជន និងកីឡាយល់ឃើញថា ៖គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបានអនុវត្តវិធានការសុវត្ថិភាពសុខភាពខ្ជាប់ខ្ជាន់។ចំពោះមេប្រយោគកំពុងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។
ពាក់ព័ន្ធក្នុងរឿងនេះដែរ ឯកឧត្តម រស់សុវាចាបានថ្លែងបញ្ជាក់ថា ក្នុងការដំណើរការប្រឡងថ្ងៃនេះគឺ ហេតុការណ៍ ឬប្រធានស័ក្តអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ។ក្រៅពីនេះចំពោះបេក្ខជនអវត្តមានមួយចំនួនតូចដូចឆ្នាំកន្លងមកដែរ។
គួរបញ្ជាក់ថាការប្រឡងឌីប្លូមនឹងប្រព្រឹត្តិទៅមួយថ្ងៃទៀតនាថ្ងៃទី០១ ធ្នូ ២០២០តាមការគ្រោងទុក។
សូមបញ្ជាក់ថាការប្រឡងឌីប្លូមសម័យប្រឡង ៣០ វិច្ឆិកា ២០២០ នឹងប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម ២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង។
គួររំលឹកថាកាលពីថ្មីៗមកនេះបើតាម ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹង ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ការប្រឡងសញ្ញាបត្រទុតិយភូមិ ឬហៅបាក់ឌុប ឆ្នាំនេះ នៅតែតឹងរឹង ដោយគ្មានការបន្ថូរបន្ថយ លើវិញ្ញាសាប្រឡងឡើយ បើទោះបីវិបត្តិកូវីដ-១៩ កំពុងអូសបន្លាយពេលយ៉ាងណាក្តី ។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម និងការប្រឡងបាក់ឌុប នឹងប្រព្រឹត្តទៅតាមស្តង់ដាសុវត្ថិភាពខ្ពស់ ដោយកំណត់ឲ្យមានបេក្ខជនប្រឡងមិនឲ្យលើសពី២៥នាក់ក្នុងមួយបន្ទប់។ មុនចូលមណ្ឌលប្រឡងតម្រូវឲ្យសិស្សានុសិស្ស វាស់កំដៅ ពាក់ម៉ាស់ និងលាងដៃ ជាមួយទឹកអាល់កល់ ឬសាប៊ូ មុនពេលចូលបន្ទប់ប្រឡង ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ ក្រសួងអប់រំនឹងទិញសម្ភារការពារ ដូចជាម៉ាស់ សាប៊ូលាងដៃ និងអាល់កុល សម្រាប់ដាក់នៅតាមមណ្ឌលប្រឡង។ ប៉ុន្តែសិស្សខ្លួនឯងក៏ត្រូវយកម៉ាស់ទៅជាមួយផងដែរ ដើម្បីការពារជំងឺឆ្លង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner