អាជ្ញាធរផ្នែកអវកាសចិនបញ្ជាក់ថា បេសកកម្មឆាងអឺទី៥ ត្រៀមខ្លួនចុះចតនៅឋានព្រះច័ន្ទ ដើម្បីប្រមូលយកគំរូតាងមកកាន់ផែនដីវិញ
ចិន៖ សារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកាថា យាននៃបេសកកម្ម ឆាងអឺទី៥បានផ្តាច់ខ្លួនជាផ្លូវការពីយានដែលជាផ្កាយរណប ហើយកំពុងតែត្រៀមរៀបចំធ្វើការចុះចតនៅលើផ្ទៃព្រះច័ន្ទ ដើម្បីប្រមូលយកគំរូតាងពីដីនៅទីនោះ នេះបើតាមអាជ្ញាធរផ្នែកអវកាសចិន ។
បេសកកម្មឆាងអឺទី៥មានយានដែលដើរតួនាទីផ្សេងៗគ្នា ដោយនៅថ្ងៃចន្ទនេះ យានសម្រាប់ចុះចតហៅថា លែនដឺ អមជាមួយនឹងយានសម្រាប់ហោះឡើងទៅវិញហៅថា អាសិនដឺ ត្រូវបានបញ្ជាអោយផ្តាច់ខ្លួនដោយជោគជ័យចេញពីយានដែលជាផ្កាយរណបហៅថា អរប៊ីតឺ ដើម្បីត្រៀមចុះទៅជាន់លើផ្ទៃព្រះច័ន្ទ ។ យាន អរប៊ីតឺ នឹងស្ថិតគន្លងអវកាសរបស់ព្រះច័ន្ទ ដើម្បីរង់ចាំអោយយាន អាសិនដឺ នាំយកគំរូតាងនៃដីរបស់ព្រះច័ន្ទ ដែលប្រមូលបានដោយយាន លែនដឺ ។
បន្ទាប់មកទៀត យាន អរប៊ីតឺ នឹងចាកចេញពីគន្លងព្រះច័ន្ទ ដើម្បីឆ្ពោះមកកាន់ភពយើងវិញ ។ យាន អរប៊ីតឺ នឹងទម្លាក់គំរូតាងនោះ តាមរយៈយានមួយផ្សេងទៀតហៅថា រីថឺនខាប់ស៊ុល ដែលសម្រាប់ចុះមកកាន់ផែនដី ។ បេសកកម្មនេះ ត្រូវគេរំពឹងថា នឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៦ និងទី១៧ ខែធ្នូ ឆ្នាំ២០២០ ៕

