ក្រុមយុទ្ធនាការបោះឆ្នោតលោក ដូណាល់ ត្រាំ ហៅការស្ទង់មតិរបស់កាសែត CNN ថា មានភាពលម្អៀង និងមិនត្រឹមត្រូវ
សហរដ្ឋអាម៉េរិក៖ ការស្ទង់មតិចេញផ្សាយដោយស្ថានីយទូរទស្សន៍ CNN នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបង្ហាញថា លោក ចូ បៃដិន បាននាំមុខលោក ដូណាល់ ត្រាំ ចំនួន១៤ពិន្ទុ ដោយទទួលបានការគំាទ្រពីប្រជាជនអាម៉េរិក ដែលបានចុះឈ្មោះបោះឆ្នោតរហូតដល់៥៥ភាគរយ ខណៈលោក ត្រាំ វិញបានទទួលតែ៤១ប៉ុណ្ណោះ ។ ចំណែកឯការស្ទង់មតិលើភាពជាអ្នកដឹកនាំរបស់លោក ដូណាល់ ត្រាំ ក្នុងនាមជាប្រធានាធិបតីអាម៉េរិកវិញ គឺមានពលរដ្ឋអាមេរិកតែ៣៨ភាគរយប៉ុណ្ណោះ ដែលបានបង្ហាញការគាំទ្រ ។
ឆ្លើយតបនឹងបញ្ហាខាងលើនេះ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ទាមទារឱ្យកាសែត CNN សុំទោស និងលុបចោលការស្ទង់មតិនាពេលថ្មីៗនេះ ដោយបញ្ជាក់ថា ការស្ទង់មតិនេះមានភាពលម្អៀង មិនត្រឹមត្រូវ និងមានចរិកបំភ័ន្ដប្រជាជនអាមេរិក ដែលបានចុះឈ្មោះបោះឆ្នោត ។ យ៉ាងណាមិញ អ្នកនាំពាក្យស្ថានីយទូរទស្សន៍ CNN នៅតែប្រកាន់ជំហររបស់ខ្លួនថា ការស្ទង់មតិនេះមានភាពត្រឹមត្រូវ ៕