លោក ដូណាល់ ត្រាំ ថា ចង់ចាក់វ៉ាក់សាំង Covid-19 ផ្សាយតាមទូរទស្សន៍ដែរ តែថា មិនចាំបាច់ទេ ព្រោះគាត់ឈ្នះជំងឺនេះរួចទៅហើយ
អាមេរិក៖ មន្រ្តីសេតវិមាន នៅថ្ងៃចន្ទនេះនិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានឆន្ទៈចាក់វ៉ាក់សាំង Covid-19 ផ្សាយតាមកញ្ចក់ទូរទស្សន៍ដែរ ប៉ុន្តែគាត់ប្រហែលជាមិនមែនជាបេក្ខជនល្អជាងគេទេ ពីព្រោះគាត់បានយកឈ្នះជំងឺនេះរួចទៅហើយ នេះបើតាមសារព័ត៌មានអង់គ្លេស Daily Mail នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ។
មន្ត្រីម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណបានប្រាប់ក្រុមអ្នកយកព័ត៌មានថា គាត់ (លោក ត្រាំ) បានបង្ហាញនូវឆន្ទៈ.. ខ្ញុំគិតថា មានសំណួរបើកចំហ ថាតើគាត់នឹងក្លាយជាមនុស្សម្នាក់ ក្នុងចំណោមអ្នកដែលចាក់វ៉ាក់សាំងតាមទូរទស្សន៍ដែរឬក៏អត់… ហើយនោះគ្រាន់តែជាតម្រូវការ ដើម្បីបំពេញបំណងអ្នកដែលចង់បានប៉ុណ្ណោះ ។
ការលើកឡើងខាងលើនេះរបស់មន្រ្តីសេតវិមាន បានកើតមានឡើងបន្ទាប់ពីអតីតប្រធានាធិបតីអាមេរិកចំនួន០៣រូប គឺលោក Bill Clinton លោក George W. Bush និងលោក Barack Obama បាននិយាយថា ពួកលោកនឹងទទួលយកការចាក់វ៉ាក់សាំង ហើយចាក់វាផ្សាយតាមទូរទស្សន៍ ក្នុងគោលបំណងកសាងទំនុកចិត្តដល់សាធារណៈជន ៕

