រដ្ឋបាលខេត្តបាត់ដំបង នៅតែបន្តចុះណែនាំអំពីវិធីបង្ការ ការឆ្លង និង ការចម្លងកូវីដ-19 នៅតាមផ្សារនិងចែកម៉ាស់ ដល់បងប្អូនអាជីវករអ្នកលក់ដូរនៅតាមផ្សារ ចំនួន២ ក្នុងទីប្រជុំជននៃក្រុងបាត់ដំបង
ម៉ាស់ចំនួន ១.០០០ម៉ាស់ ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងនិងសាលាក្រុង នាំយកទៅចែកជូនដល់បងប្អូនដែលជាអាជីវករ និង អ្នកលក់ដូរនៅតាមផ្សារនានាជាបន្តទៀតនៅក្នុងទីប្រជុំជនក្រុង-ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី០៨ខែវិច្ឆិកាថ្មីៗនេះតាមផ្សារចំនួន០២ គឺ៖ នៅផ្សារអូរតាគាំ២ក្នុងសង្កាត់ទួលតាឯក និងផ្សារបន្លែ ភួ ពុយ នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង។
ការចុះចែកម៉ាស់ និងបន្តចែក នៅតាមបណ្តាផ្សារនេះ របស់ រដ្ឋបាលខេត្តបាត់ដំបង ដោយមានវត្តមានពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរពី លោកអភិបាលក្រុងបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវ ជាសមាជិក្រុមប្រឹក្សាខេត្ត ដោយបានចុះធ្វើការអប់រំណែនាំដល់បងប្អូនដែលជាអាជីវករនិងអ្នកលក់ដូរនៅក្នុងផ្សារទាំង២ខាងលើ អំពីវិធានការនិងគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ពីការរាតត្បាត និងការ ការពារជំងឺកូវិដ-19 ដោយត្រូវពាក់ម៉ាស ការលាងសម្អាតដៃជាមួយសាប៊ូ បាញ់អាល់កុល ឬ ជែល ឱ្យបានញឹកញាប់។
ក្នុងការចុះចែកនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដោយបានក្រើនរំលឹក ដល់បងប្អូនជាអាជីវករនិងអ្នកលក់ដូរនៅផ្សារអូរតាំ២ និងផ្សារបន្លែ ភួ ពុយ ក្នុងសង្កាត់ទួលតាឯក និងសង្កាត់អូរចារ ទាំងពីរខាងលើនេះថា៖ កន្លងមកដោយមានការរីករាលដាលនៃជំងឺកូវីដ-19ជាសកល នៅមិនទាន់ធូរស្បើយនៅឡើយហើយកន្លងមកនេះ នៅក្នុងប្រព្រឹត្តិការណ៍ថ្ងៃ២៨វិច្ឆិកាកន្លងទៅនេះ ការឆ្លងនិងការចម្លងពីជម្ងឺកូវីដ-19 ទៅក្នុងសហគមន៍ ក្នុងនោះរាជរដ្ឋាភិបាលបានធ្វើការសម្រេច បិទទីតាំងមួយចំនួន ក្នុងវិធានធ្វើចត្តាឡីស័ក ដើម្បីគ្រប់គ្រងនូវសភាពការណ៍នៃការរីករាលដាល ពីការចម្លង និងការឆ្លង ជំងឺកូវីដ-19 ហើយជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាបិទផ្សារអ៊ីអន១ AEON1 ជាបណ្តោះអាសន្នផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹកបន្ថែមថា៖ ដើម្បីបញ្ចៀសឲ្យបានពីការឆ្លង និងចម្លងពីជំងឺកូវីដ-19 ដូចនេះសូមបងប្អូនអាជីវករនិងអ្នកលក់ដូរនៅទីនេះ និងនៅតាមបណ្តាផ្សារនានាទាំងអស់ ត្រូវចូលរួមក្នុងការពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា និងត្រូវអនុវត្តជាប្រចាំ ក្នុងការលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូបាញ់អាល់កុល ឬ ជែល។ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានក្រើនរំលឹក ដោយសង្កត់ធ្ងន់ថា៖ប្រសិនបើនៅតាមបណ្តាផ្សារណាមួយ មានករណីឆ្លងដូចករណីនៅផ្សារអ៊ីអន១(AEON1) គឺអាជ្ញាធរនិងមានវិធានការក្នុងការបិទផ្សារជាបណ្តោះអាសន្ន និងធ្វើចត្តាឡីស័កផងដែរ។ ដូចនេះដើម្បីចៀសវាងពីការប៉ះពាល់អាជីវកម្មនិងការលក់ដូររបស់បងប្អូន ក្នុងនោះសូមបងប្អូនអាជីវករនៅតាមផ្សារលក់ដូរទាំងអស់ ត្រូវតែចូលរួមនូវវិធានការក្នុងការទប់ស្កាត់និងពីវិធានណែនាំសំខាន់ៗ របស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ដើម្បីរួមគ្នាទប់ស្កាត់ពីការឆ្លង និងការចម្លងនូវជំងឺកូវី-19 ឲ្យបានគ្រប់ៗគ្នា ដើម្បីចៀសវាងនិងបញ្ឈប់ការឆ្លង និងពីការចម្លងចូលសហគមន៍ របស់យើងបាន ៕ ( អត្ថបទ- រូបភាព៖ អ៊ុក សំអាន បប )