SpaceX នឹងទទួលបានជំនួយហិរញ្ញវត្ថុជិត៩០០លានដុល្លារពីរដ្ឋាភិបាលអាមេរិក ដើម្បីយកទៅអភិវឌ្ឍន៍បណ្តាញផ្កាយរណបអ៊ីនធើណិតរបស់ខ្លួន
អាមេរិក៖ ក្រុមហ៊ុនអវកាសអាមេរិក SpaceX នឹងទទួលបានជំនួញហិរញ្ញវត្ថុចំនួន៨៨៥.៥លានដុល្លារ ពីគណៈកម្មការទូរគមនាគមន៍ FCC របស់រដ្ឋាភិបាលអាមេរិក ដើម្បីគាំទ្រដល់គម្រោងកសាងបណ្តាញផ្កាយរណបអ៊ីនធើណិត Starlink នេះបើតាមសារព័ត៌មាន ស្ពូតនីគ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ។
ទឹកប្រាក់ដែល SpaceX នឹងទទួលបាននោះ ស្ថិតក្រោមកម្មវិធីដេញថ្លៃដំណាក់កាលទី១ ដែលមានទំហំសរុប៩.២ពាន់លានដុល្លារ ហើយជាផ្នែកនៃគម្រោងមូលនិធិ សម្រាប់ផ្តល់ឱកាសអភិវឌ្ឍន៍បែបឌីជីថលនៅតាមទីជន បទអាមេរិក Rural Digital Opportunity Fund របស់គណៈកម្មការ FCC ដែលមានទំហំ២០.៤ពាន់លានដុល្លារ ។ ទឹកប្រាក់នៃគម្រោងមូលនិធិនេះ នឹងត្រូវចែកចាយក្នុងអំឡុងពេល១០ឆ្នាំខាងមុខនេះ ។
ម្យ៉ាងវិញទៀត កម្មវិធីដេញថ្លៃដំណាក់កាលទី១ នៃគម្រោងមូលនិធិខាងលើនេះក៏ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់គណៈកម្មការទូរគមនាគមន៍ FCC ក្នុងការជំរុញឲ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិតនៅក្នុងសហរដ្ឋអាមេរិក ព្យាយាមនាំយកសេវាកម្មពួកវាទៅកាន់តំបន់ដាច់ស្រយាលឆ្ងាយៗ ដែលពិបាកនឹងទៅដល់ ៕


