អ៊ីរ៉ង់ចាប់ខ្លួនជនសង្ស័យមួយចំនួន ដែលជាប់ទាក់ទិននឹងការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ
អ៊ីរ៉ង់៖ សារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៩ ខែធ្នូនេះថា ទីប្រឹក្សាប្រធានសភាអ៊ីរ៉ង់នៅថ្ងៃអង្គារនេះបញ្ជាក់ថា សេវាសន្តិសុខអ៊ីរ៉ង់បានកំណត់អត្តសញ្ញាណ និងចាប់ខ្លួនមនុស្សមួយចំនួន ដែលពាក់ព័ន្ធនឹងការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ខ្លួននាពេលថ្មីៗនេះ ។
ទីប្រឹក្សាប្រធានសភាអ៊ីរ៉ង់លោក ហូសិន អាមៀរ អាប់ឌុលឡាហ៊ាន ត្រូវបានទីភ្នាក់ងារសារព័ត៌មាន ISNA ដកស្រង់សម្តីចុះផ្សាយថា ជនល្មើសនៃការធ្វើឃាតនេះ នឹងមិនអាចរត់គេចពីសំណាញ់ច្បាប់បានទេ ។ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់លោក ម៉ូសេន ហ្វាគ្រីហ្សាដេស បានស្លាប់ដោយសាររបួសធ្ងន់នៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃទី២៧ ខែវិច្ឆិកាកន្លងទៅ បន្ទាប់ពីការវាយប្រហារដោយអាវុធលើរថយន្តរបស់គាត់ នៅក្នុងសង្កាត់ អាបសាដ មានចម្ងាយ៦០គីឡូម៉ែត្រភាគឦសានរដ្ឋធានី តេហេរ៉ង់ ។
ដោយឡែកបើតាមអ្នកនាំពាក្យឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់លោក រ៉ាមីហ្សាន ហ្ស៊ារីហ្វ បានប្រកាសកាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅថា ឧបករណ៍បញ្ជាដោយផ្កាយរណបត្រូវបានប្រើ ក្នុងការធ្វើឃាតលោក ហ្វាគ្រីហ្សាដេស ខណៈអ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលថា ជាអ្នកនៅពីក្រោយការធ្វើឃាតនេះ ៕


