សម្ដេចតេជោ ថ្លែងថា ស្មារតីសាមគ្គីភាព វប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើងមានធំធេងមហាសាល
ក្នុងខណៈដែលថវិការបស់សប្បុរសជនចូលរួមសម្រាប់ទិញវ៉ាក់សាំងការពារកូវីដ-១៩ បានកើនដល់ប្រមាណជាង៣០លានដុល្លារអាម៉េរិកនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ស្មារតីសាមគ្គីភាព វប្បធម៌នៃការចែករំលែក ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើង មានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ ។
នៅលើផេកផ្លូវការនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានសរសរ ថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ស្មារតីសាមគ្គីភាព វប្បធម៌នៃការចែករំលែកក្នុង ការ ប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើង មានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ”។
សម្ដេចតេជោបន្តថា មកដល់ពេលនេះ ថវិកាដែលសប្បុរសជនចូលតាមតិច តាមច្រើន តាមសទ្ធាជ្រះថ្លា មានប្រមាណជាង៣០លានដុល្លារអាម៉េរិក។
សម្ដេចតេជោបានលើកឡើងថា ដោយមានសំណូមពរពីប្រជាជនយើង ខ្ញុំព្រះករុណាខ្ញុំ សុំបន្ថែមគណនី២ទៀត នៅធនាគារអេស៊ីលីដា និងភ្នាក់ងារវីង ដែលអាចផ្ទេរជាប្រាក់រៀល និងប្រាក់ដុល្លារដោយមិនមានការបង់សេវា។ សម្រាប់វីងចំពោះប្រាក់រៀលគឺ 9992 ប្រាក់ដុល្លារគឺ9991។ ចំពោះអេស៊ីលីដា ប្រាក់រៀលគឺ 00010556999989 ចំពោះប្រាក់ដុល្លារគឺ 00010556999999។
សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា សូមជនរួមជាតិយើងដែលចង់ចូលរួមផ្ញើប្រាក់តាម រយៈលេខគណនីខាងលើនេះ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលខ្ញុំព្រះករុណា ខ្ញុំមានបំណងចាក់ជូនប្រជាជនឱ្យបាន១០លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូត២០លានដូស និងតម្រូវការចំពោះមុខនាដំណាក់កាលទីមួយ ចំនួន១លានដូសសម្រាប់ចាក់ជូន៥០ម៉ឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែងដែលមានហានិភ័យ និងកំពុងមានហានិភ័យ ដែល អាទិភាព ផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌ គ្រប់ប្រភេទ រហូតដល់កម្មករបោសសំរាមសម្អាតទីក្រុងទីប្រជុំជន។ល។ដែលត្រូវទទួល បាននៅដំណាក់កាលទីមួយនេះ។
សម្ដេចតេជោបានបង្ហាញនូវការជឿជាក់ថា កម្ពុជាយើងពិតជាអាចធ្វើបាន ក្នុងស្មារតីសាមគ្គី និងការចូលរួមដូចសព្វថ្ងៃនេះ៕