អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អបស្សរា ទទួលអំណោយម៉ាស់ចំនួន៥ពាន់បន្ទះ ពីមជ្ឈមណ្ឌល​វប្បធម៌ចិន​ប្រចាំនៅកម្ពុជា

ភ្នំពេញ៖អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អបស្សរា បានទទួលអំណោយម៉ាស់ចំនួន ៥ពាន់បន្ទះ ពីមជ្ឈមណ្ឌល​វប្បធម៌ចិនប្រចាំនៅកម្ពុជា។ ពិធីប្រគល់និងទទួលធ្វើឡើងនៅ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០​ ដោយលោក ខ្វៃ អាទិត្យា អគ្គនាយកស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា និង លោក ឈាន យានកាង (QUAN YANGANG) ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា។

មានប្រសាសន៍នៅក្នុងឱកាសនៃការប្រគល់ម៉ាស់នេះ លោក ឈាន យានកាង (QUAN YANGANG) ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា លើកឡើងថា ក្នុងស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលCOVID-19 មជ្ឈមណ្ឌលវប្បធម៌ចិនបានបរិច្ចាគនូវម៉ាស់ចំនួន ៥ពាន់ បន្ទះ ជូនដល់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ដែលជាដៃគូសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា និងឈរលើទស្សនៈរួមសុខរួមទុក្ខលើក្បូនតែមួយ និងជួយយកអាសារគ្នាទៅវិញទៅមក។

ក្នុងនាមថ្នាក់ដឹកនាំ ជាប្រធាន អនុប្រធាន អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា លោក​ ខ្វៃ អាទិត្យា  បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏ប្រពៃរបស់មិត្តចិនដែលជានិច្ចកាលតែងគាំទ្រដល់កម្ពុជា ដែលជាពិសេសរួមកម្លាំងគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលCOVID-19។

លោក អគ្គនាយក បានបន្តថា អំណោយនាពេលនេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៅក្នុងសហគមន៍នៃព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា។

លោក អគ្គនាយក បានគួសបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា និង​បន្តកិច្ចសហការជានិច្ច ក្នុងការចូលរួមផ្សព្វផ្សាយទៅដល់សាធារណៈជន រាល់កិច្ចការងារសំខាន់ៗ ទៅលើកិច្ច​ការងារ​សង្គម ការងារ​មនុស្សធម៌ ផ្សេងៗដែល មជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា បានចុះបេសកកម្មផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner