ជនជាតិចិន៤នាក់ ត្រូវនគរបាលបញ្ជូនខ្លួនទៅឲ្យតុលាការចាត់ការ ពាក់ព័ន្ធ ករណីកែច្នៃ និងជួញដូរគ្រឿងញៀនជាង១០០ គីឡូក្រាម
ភ្នំពេញ៖ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នេះ បានបញ្ជូនខ្លួនបុរសជនជាតិចិន៤នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពក់ព័ន្ធករណីកែច្នៃ ជួញដូរ គ្រឿងញៀនដោយខុសច្បាប់ជាង ១០០គីឡូក្រាម ។
យោងតាមរបាយការណ៍របស់នគរបាល បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យ០៤នាក់៖
ទី១- ឈ្មោះ LEE SHAOFENG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់)។
ទី២- ឈ្មោះ HE YI RI ភេទប្រុស កើត ១៦.០៦.១៩៦៤ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G45794394
ទី៣- ឈ្មោះ ZHANG JUN ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិ ចិន។
ទី៤- ឈ្មោះ CAI TAO ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ ចិន។
សូមជម្រាបថា ក្នុងប្រតិបត្តិការបង្ក្រាបធ្វើ ឡើងកាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ដោយកម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានទៅបង្រ្កាបករណីគ្រឿងញៀន ២គោលដៅផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន៤នាក់ ។
គោលដៅទាំង២រួមមាន៖
* ទី១៖ នៅចំណុចក្បែស្ថានទូតអូស្រ្តាលី ផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
* ទី២៖ នៅចំណុច អាផាតធឺម៉ិន សុភា ផ្ទះលេខ១៥ ផ្លូវ ៣៥២ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
ចាប់យកវត្ថុតាងសរុបរួមមាន៖
ទី១៖ សារធាតុញៀនសរុបទម្ងន់ជាង៧ គីឡូក្រាម គឺ៖
– កេតាមីន(Ketamine) ជាង៥គីឡូក្រាម
– ម៉េតំហ្វេតាមីន(ICE) ជាង២គីឡូក្រាម
– ហេរ៉ូអ៊ីន(Heroin) ០.៣១ក្រាម
– អ៊ិចស្តាស៊ី(MDMA) ២៥.៧៥ក្រាម
ទី២៖ សារធាតុគីមីផ្សំ សរុបទម្ងន់ជាង១០៩ គីឡូក្រាម គឺ៖
– សារធាតុគីមីផ្សំ ៤ ប្រភេទ (ស្ថិតក្នុងតារាង៤) ជាង១៦ គីឡូក្រាម
– សារធាតុគីមីផ្សំ ៩ ប្រភេទ (គ្មានក្នុងតារាង) ជាង៩៣ គីឡូក្រាម៕ ដោយ ៖ បញ្ញា