ក្រុមហ៊ុនធនាគាររបស់កូរ៉េមួយផ្ដល់ម៉ាស់ដែលគិតជាទឹកប្រាក់១ម៉ឺនដុល្លារដល់កម្ពុជា
ក្រុមហ៊ុនធនាគាររបស់កូរ៉េមួយផ្ដល់ម៉ាស់ដែលគិតជាទឹកប្រាក់១ម៉ឺនដុល្លារដល់កម្ពុជា។ ការផ្ដល់ម៉ាស់នោះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង គណៈប្រតិភូរបស់សម្ព័ន្ធ DGB Financial Group ដឹកនាំដោយលោក KIM TAE OH ប្រធានក្រុមប្រឹក្សាភិបាល និងក្រុមការងារស្ថានទូត ដឹកនាំដោយ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ នៅថ្ងៃតី១០ធ្នូឆ្នាំ២០២០ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ការពិភាក្សានោះ ផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ យោគយល់គ្នា និងការផ្ដល់ជំនួយសប្បុរសធម៌ដល់កម្ពុជា។ សម្ព័ន្ធ DGB Financial Group បានចាប់ផ្ដើមដំណើរការវិនិយោគទុនរកស៊ីក្នុងវិស័យធនាគារនៅកម្ពុជា (DGB Bank) ចាប់តាំងពីឆ្នាំ២០១២ ហើយរហូតមកដល់បច្ចុប្បន្នបានពង្រីកខ្លួនរហូត៩សាខា ជាមួយបុគ្គលិកប្រមាណជាង៦០០នាក់។ ក្នុងជំនួបនោះ លោក ឡុង ឌីម៉ង់ បានថ្លែងអំណរគុណ ដល់លោកប្រធានសម្ព័ន្ធ DGB ដែលមានទំនុកចិត្ត និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយសន្យាជួយសហការបង្កលក្ខណៈ និងជំរុញបន្ថែមអស់ពីលទ្ធភាពរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សំដៅឱ្យមានសុខដុមរមនាសម្រាប់ក្រុមហ៊ុនដែលមានបំណង និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
ជាមួយគ្នានោះ លោក KIM TAE OH ក៏បានថ្លែងថា សម្ព័ន្ធ DGB Financial Group បានសម្រេចផ្ដល់អំណោយជាម៉ាស់ដល់កម្ពុជាដែលកំពុងមានតម្រូវការ តាមរយៈស្ថានទូត ដោយគិតជាទឹកប្រាក់ចំនួន ១ម៉ឺនដុល្លាអាមេរិក និងការបញ្ចុះអត្រាការប្រាក់ឥណទានសម្រាប់ពលករខ្មែរនៅប្រទេសកូរ៉េឱ្យកាន់តែប្រសើរ តបតាមការស្នើរបស់ស្ថានទូតកម្ពុជា។ បន្ថែមពីលើនោះ លោកប្រធានក្រុមហ៊ុន ក៏បានស្នើដល់លោកឯកអគ្គរាជទូតកម្ពុជា ជួយសិក្សាណែនាំអំពីទីតាំងដែលគ្រោងនឹងរៀបចំជាទីស្នាក់ការកណ្ដាលរបស់ធនាគានៅកម្ពុជា ក៏ដូចជាជួយណែនាំធនធានមនុស្សដែលមានសមត្ថភាពក្នុងការទទួលកិច្ចការសំខាន់ៗរបស់ធនាគារ DGB Bank នៅកម្ពុជាផងដែរ៕