កូវីដ១៩៖ កូរ៉េខាងត្បូងចល័តទ័ពជួយពេទ្យជួរមុខហើយ ឆ្លងនិងស្លាប់ច្រើនពេក
ប្រទេសកូរ៉េខាងត្បូងនឹងធ្វើការចល័តកងទ័ព ក្នុងរដ្ឋធានីសេអ៊ូល ដើម្បីជួយដល់មន្ត្រីពេទ្យជួរមុខព្យាបាលជម្ងឺកូវីដ១៩ ខណៈដែលចំនួនអ្នកឆ្លងកើនឡើងខ្លាំង ហើយអ្នកស្លាប់ក៏កើនច្រើនដែរ ក្នុងនោះ នៅថ្ងៃសុក្រ ទី១១ ធ្នូនេះ កូរ៉េខាងត្បូងមានការឆ្លងថ្មីចំនួន៦៨៩នាក់ ហើយអ្នកស្លាប់និងអ្នកជម្ងឺមានអាការៈធ្ងន់ធ្ងរក៏កើនឡើងខ្លាំង។
ក្នុងចំណោមករណីឆ្លងថ្មីទាំង៦៨៩នាក់ មាន៦៧៣នាក់បានឆ្លងក្នុងស្រុក នាំឲ្យកូរ៉េខាងត្បូងមានករណីឆ្លងសរុប ៤០៧៨៦នាក់ ហើយអ្នកស្លាប់មានជិត១០នាក់ទៀត កើនដល់៥៧២នាក់ហើយ នេះបើតាមទីភ្នាក់ងារទប់ស្កាត់និងគ្រប់ជំងឺកូរ៉េ ហៅកាត់ថា KDCA ។
ដោយចាត់ទុករលកថ្មីនេះគឺវិបត្តិដ៏ធ្ងន់ធ្ងរនោះ នាយករដ្ឋមន្ត្រី Chung Sye-kyun បាននិយាយថា លោកនឹងដាក់ពង្រាយកងទ័ពប្រមាណ៨០០នាក់ នគរបាល និងកម្លាំងរដ្ឋាភិបាលជាច្រើនទៀត នៅក្នុងតំបន់នៃរដ្ឋធានីសេអ៊ូល ដើម្បីជួយគ្រប់គ្រងសភាពការណ៍៕

