ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងប្រឆាំង Covid-19 លើកុមារ ហើយលទ្ធផលនឹងដឹងនៅឆ្នាំ២០២១
អាមេរិក៖ ក្រុមហ៊ុនផលិតឱសថអាមេរិក ម៉ូឌែណា នៅថ្ងៃព្រហស្បតិ៍នេះប្រកាសថា ខ្លួនបានចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំងប្រឆាំង Covid-19 របស់ខ្លួនទៅលើកុមារ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ។
នាយកប្រតិ បត្តិក្រុមហ៊ុន Moderna លោក Stéphane Bancel បាននិយាយថា យើងរីករាយចំពោះការចាប់ផ្តើមការសិក្សាដំណាក់កាលទី២ និងទី៣នៃវ៉ាក់សាំង mRNA-1273 លើក្មេងជំទង់ដែលមានសុខភាពល្អនៅសហរដ្ឋអាមេរិក ។ លោកបន្តថា គោលដៅរបស់យើង គឺដើម្បីបង្កើតទិន្ន័យនៅនិទាឃរដូវឆ្នាំ២០២១ ដែលនឹងគាំទ្រការប្រើប្រាស់វ៉ាក់សាំង mRNA-1273 ចំពោះមនុស្សវ័យជំទង់នៅមុនឆ្នាំសិក្សា២០២១ ។
អ្នកស្ម័គ្រចិត្តពាក់កណ្តាលនឹងត្រូវចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដែលត្រូវបានគេស្គាល់ថា mRNA-1273 ចំនួន២ដូសក្នុងរយៈពេល៤សប្តាហ៍ដាច់ពីគ្នាហើយអ្នកស្ម័គ្រចិត្តពាក់កណ្តាលទៀតនឹងទទួលបានថ្នាំ Placebo ។ ក្រុមអ្នកស្រាវជ្រាវនឹងពិនិត្យមើលសុវត្ថិភាព និង ប្រសិទ្ធភាព នៃការចាក់ថ្នាំបង្ការរោគចំពោះកុមារ ហើយពួកគេនឹងត្រូវតាមដានរយៈពេល១២ខែ បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី២ ៕

