នាយករដ្ឋមន្រ្តីអង់គ្លេសអះអាងថា អង់គ្លេសកំពុងត្រៀមខ្លួនចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម
អង់គ្លេស៖ នៅក្រោយពេលចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រហស្បតិ៍នេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានអះអាងថា បច្ចុប្បន្នគឺជាពេលដែលបណ្ដាក្រុមហ៊ុន និងប្រជាជនអង់គ្លេសត្រូវត្រៀមខ្លួន សម្រាប់ការចាកចេញពីសហភាពអឺរ៉ុប ដោយមិនមានកិច្ចព្រមព្រៀង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ។
នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានអះអាងទៀតថា បើទោះបីជាកិច្ចចរចារវាងភាគីទាំងពីរ (អង់គ្លេស-សហភាពអឺរ៉ុប) កំពុងបន្តធ្វើឡើងក៏ដោយ ប៉ុន្តែលោក ចនសុន យល់ឃើញថា អង់គ្លេសប្រហែលជានឹងមិនអាចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅក្រោយពេលលែងលះជាមួយសហភាពអឺរ៉ុបបានឡើយ ។
សូមជម្រាបថា អង់គ្លេសបានចាកចេញជាផ្លូវការ ឬ Brexit ជាមួយសហភាពអឺរ៉ុបកាលពីថ្ងៃទី៣១ ខែមករា ដើមឆ្នាំ២០២០ ប៉ុន្តែភាគីទាំងពីរត្រូវស្ថិតនៅក្នុងពេល ធ្វើអន្តរកាលរយៈពេល១១ខែ ពោលគឺរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ។ ប៉ុន្តែបើសិនគ្មានកិច្ចព្រមព្រៀងទេ នោះ អង់គ្លេសនឹងត្រូវចាកចេញពីទីផ្សាររួមរបស់អឺរ៉ុប ហើយពន្ធលើទំនិញ និងទិដ្ឋាការធ្វើដំណើរជាដើមក៏នឹងត្រូវអនុវត្តផងដែររវាងភាគីទាំងពីរ ៕


