អភិបាលរាជធានីភ្នំពេញ ប្រគល់អាកុល៤០កាន និងម៉ាស២ម៉ឺនម៉ាសជូនកងទ័ពឈរជើងតាមព្រំដែន ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩
ភ្នំពេញ៖ អាកុលចំនួន៤០កាន និងម៉ាសចំនួន២ម៉ឺនម៉ាសត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចប្រគល់ជូនកងទ័ពឈរជើងតាមព្រំដែន ដែលចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននឹងកំពុងរាលដាលចូលដល់សហគមហើយនោះ។
ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនាសៀលថ្ងៃទី១១ ធ្នូនេះ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ នៅសាលារាជធានីភ្នំពេញ។
ចំពោះអាកុល និងម៉ាសទាំងនេះត្រូវបានប្រគល់ជូនទៅ កងពលធំអន្តរាគមន៍លេខ៣ អាកុលចំនួន១៤កាន និងម៉ាសចំនួន៦០០០ម៉ាស។ កងពលតូចអន្តរាគមន៍លេខ៩ អាកុលចំនួន១០កាន ម៉ាសចំនួន៥០០០ម៉ាស់ ។ កងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន១០កាន ម៉ាស៥០០០ម៉ាស ។ បញ្ជាការដ្ឋានអង្គរក្សប្រចាំការព្រះវិហារចំនួន៣កាននិងម៉ាស២០០០ម៉ាស ។វរៈនគរបាលការពារព្រំដែន៧៩៣ចំនួន៣កាននិងម៉ាស២០០០ម៉ាស ។ សរុបទាំងអស់អាកុលចំនួន៤០កាន និងម៉ាសចំនួន២ម៉ឺនម៉ាស។
លោកឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញដែលតែងតែគិតគូរចំពោះកងទ័ពឈរជើងតាមព្រំដែន ដែលចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយកមន្លងមកតែងផ្តល់នូវគ្រឿងឧបភោគ បរិភោគ ថវិការហូតមក ដើម្បីលើកទឹកចិត្តកងទ័ពឱ្យកាន់តែអង់អាចក្លាហានឡើង៕