ក្រុមហ៊ុន Pfizer-BioNTech ច្រានចោលព័ត៌មានថា មានមនុស្ស០៦នាក់ស្លាប់ ដោយសារការធ្វើតេស្តវ៉ាក់សាំង Covid-19 របស់ខ្លួន
អាមេរិក៖ ក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech បានចេញមុខច្រានចោល បន្ទាប់ពីព័ត៌មានដែលបន្តចែកចាយពាលពេញបណ្តាញទំនាក់ទំនងសង្គមថា មានមនុស្ស០៦នាក់បានស្លាប់ ដោយសារតែទទួលការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ខ្លួននៅដំណាក់កាលចុងក្រោយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ។
នាយកប្រតិបត្តិក្រុមហ៊ុន Pfizer-BioNTech លោកវេជ្ជបណ្ឌិត Bourla បាននិយាយថា ការអះអាងខាងលើនេះ គឺមានផ្នែកមិនពិតច្រើនជាងពិត ពីព្រោះក្នុងចំណោមមនុស្ស០៦នាក់ដែលបាត់បង់ជីវិតនោះ គឺមានតែ០២នាក់ប៉ុណ្ណោះ ដែលទទួលការតេស្តវ៉ាក់សាំង ហើយ០៤នាក់ទៀតគ្មានជាប់ទាក់ទងនឹងវ៉ាក់សាំងនោះទេ ។
ចំពោះបញ្ហាដែលកើតឡើងនៅអង់គ្លេស ដោយបុគ្គលិកសុខាភិបាលអង់គ្លេសពីរនាក់ត្រូវបានគេរាយការណ៍ថា បានកើតអការៈអាលែកហ្ស៊ី បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងCOVID-19របស់ Pfizer-BioNTech នោះ គឺជាករណីស្រាលមួយប៉ុណ្ណោះ ហើយស្ថានភាពពួកគេក៏បានប្រសើរឡើងវិញរួចហើយដែរ ៕


